ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងពាក់ព័ន្ធ ត្រូវរួមគ្នាថែរក្សា និងពង្រឹងទីផ្សារដែលមានស្រាប់ និងពង្រីកទីផ្សារថ្មី

ចែករំលែក៖

ភ្នំពេញ ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងលើកទិសដៅពាណិជ្ជកម្មឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងពាក់ព័ន្ធ ត្រូវរួមគ្នាថែរក្សានូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមានស្រាប់ជាមួយប្រទេសជាមិត្ត និងបន្តស្វែងរកទីផ្សារថ្មីបន្ថែមទៀត ដើម្បីនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីរក្សាទីផ្សារដែលមានស្រាប់ ការធានាគុណភាពទំនិញនិងផលិតផល និងភាពជឿជាក់ គឺជាកិច្ចការចាំបាច់ មុននឹងឈានទៅពង្រីកទីផ្សារថ្មីៗបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា ទោះបីឆ្នាំ ២០២៣នេះ កម្ពុជាបានប្រឈមនូវកាលៈទេសៈលំបាកៗជាច្រើនពីស្ថានការណ៍តំបន់និងពិភពលោកក្ដី ក៏ក្រសួងពាណិជ្ជកម្ម បានដើរតួនាទីសំខាន់ និងបានប្រែក្លាយបញ្ហាមកជាឱកាស ដោយបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន៤ រួមមាន៖ 

ទី១-កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA), ទី២-កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), ទី៣-កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA), ទី៤-និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមឺរ៉ាតអារ៉ាប់រួម (Cambodia-UAECEPA)។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងពាក់ព័ន្ធ ត្រូវរួមគ្នាថែរក្សានូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមានស្រាប់ជាមួយប្រទេសជាមិត្ត និងបន្តស្វែងរកទីផ្សារថ្មីបន្ថែមទៀតសម្រាប់ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្រប់ដំណើរទស្សនកិច្ចរបស់សម្ដេចនៅក្រៅប្រទេស សម្ដេចតែងតែយកពេលដើរគោះទ្វារ ដើម្បីទាក់ទាញវិនិយោគិននានាឱ្យមកវិនិយោគនៅកម្ពុជា តាមរយៈកិច្ចប្រជុំដោយផ្ទាល់ ការដាក់តាំងពិព័រណ៍ផលផលិតផលខ្មែរ និងការធ្វើសិក្ខាសាលារវាងវិនិយោគិនបរទេស និងវិនិយោគិនកម្ពុជាជាដើម ៕ 

ដោយ ៖ សហការី


ចែករំលែក៖