ព័ត៌មានទាន់ហេតុការណ៍៖

ការយកថវិការបស់ EU ទៅផ្តល់ឲ្យអ៊ុយក្រែន មិនអាចធ្វើទៅបានឡើយ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋមន្រ្តី លោក Viktor Orban បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ហុងគ្រីជឿថាការផ្តល់មូលនិធិរបស់សហភាពអឺរ៉ុប (EU) ដល់អ៊ុយក្រែនមិនត្រូវយកថវិការបស់ EU នោះទេ ហើយការកំណត់ពេលច្បាស់លាស់គួរតែមាន ក្នុងករណីត្រូវផ្តល់ហិរញ្ញប្បទានណាមួយសម្រាប់អ៊ុយក្រែន។លោក Orban បានប្រាប់សន្និសីទសារព័ត៌មានថា «ខ្ញុំជឿថា ផែនការផ្តល់ឲ្យអ៊ុយក្រែននូវថវិកាចំនួន ៥០ពាន់លានអឺរ៉ូ ឬស្មើនឹង ៥៤.៧០ពាន់លានដុល្លារ ដោយយកថវិការបស់ EU សម្រាប់រយៈពេល ៥ឆ្នាំ… នោះគឺជាការសម្រេចចិត្តមិនត្រឹមត្រូវ។ លោក Orban បានបញ្ជាក់ថា «ពួកគេចង់ដកថវិការបស់ EU ទៅឲ្យអ៊ុយក្រែន ប៉ុន្តែហុងគ្រីចង់ឲ្យយកថវិកាពីខាងក្រៅវិញ។ ប្រសិនបើពួកគេនៅតែព្រៀងព្រៀងគ្នាបែបនោះ យើងនឹងមិនយល់ស្របឡើយ»។
បណ្តាប្រទេស EU ទាំង ២៧ លើកលែងតែហុងគ្រី បានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន ដើម្បីចាប់ផ្តើមកិច្ចចរចាស្តីពីការចូលជាសមាជិករបស់អ៊ុយក្រែន ក្រោយពេលដែល លោក Orban សម្តែងការជំទាស់ហើយដើរចេញពីបន្ទប់ប្រជុំ។ ប៉ុន្តែបណ្តាមេដឹកនាំ EU មិនអាចយកឈ្នះលើការតស៊ូមតិរបស់ លោក Orban ក្នុងការកែប្រែលក្ខខណ្ឌថវិកាសហភាពអឺរ៉ុបដើម្បីបញ្ជូនថវិកា ៥០ពាន់លានអឺរ៉ូទៅកាន់ទីក្រុងកៀវ និងការផ្តល់សាច់ប្រាក់បន្ថែមទៀត ដល់កិច្ចការផ្សេងទៀត ដូចជាការគ្រប់គ្រងការធ្វើចំណាកស្រុកជាដើម៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖