ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយនៅបណ្តាញសង្គមទាក់ទងការឃាត់បុរសម្នាក់មានស្ថានភាពស្រវឹង និងមានជាតិអាកុល ០,៦៩ មីលីក្រាមក្នុងមួយលីត្រខ្យល់ នៅខណ្ឌដង្កោ
កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចមុខសាលាខណ្ឌដង្កោ ផ្លូវលេខ២១៧ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ អំឡុងពេលសមត្ថកិច្ចអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1CS-1350 បើកបរដោយឈ្មោះ ភិន ច័ន្ចរិទ្ធ ភេទប្រុស មុខរបរមន្រ្តីរាជការ បើកបរក្នុងស្ថានភាពស្រវឹង ឃើញដូចនោះសមត្ថកិច្ចក៏បានហៅឱ្យឈប់ ដើម្បីធ្វើការផ្លុំតេស្ដរកជាតិអាកុល ឃើញមានជាតិអាកុល ០,៦៩ មីលីក្រាមក្នុងមួយលីត្រខ្យល់។
ដោយសារពេលយប់សមត្ថកិច្ចមិនបានផាកពិន័យគាត់ (១.គាត់មានស្ថានភាពស្រវឹង ២.មិនមានលុយគ្រប់គ្រាន់ក្នុងការបង់ពិន័យ ចំនួន១.០០០.០០០រៀល និងមានការព្រួយបារម្ភពីសុវត្ថិភាពគាត់ ទើបសមត្ថកិច្ចបានឱ្យក្រុមគ្រួសារគាត់យកទៅផ្ទះសិន ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំឱ្យគាត់មកទទួលយកម៉ូតូ និងការផាកពិន័យនៅថ្ងៃស្អែក។
លុះដល់ព្រឹកឡើងពេលគាត់ទៅយកម៉ូតូ គាត់មានលុយតែ៥០០.០០០រៀល ដើម្បីបង់ផាកពិន័យ ទើបគាត់សុំសមត្ថកិច្ចយោគយល់ ដោយឃើញគាត់ជាមន្ត្រីរាជការ និងមានជីវភាពខ្វះខាត ទើបសមត្ថកិច្ចយោគយល់ជួយចេញលុយ៥០០.០០០រៀល ដើម្បីបង្គ្រប់ការបង់ផាកពិន័យ។
ក្នុងកិច្ចការងារអនុវត្តរឹតបន្ដឹងចរាចរណ៍ផ្លូវគោកនេះ សមត្ថកិច្ចអនុវត្តវិធានការច្បាប់និងមានការយោគយល់មនោសញ្ចេតនា។
មាត្រា១០(ថ្មី) នៃអនុក្រិត្យលេខ៣៩អនក្របក ស្ដីពីការកែសម្រួលអនុក្រិត្យលេខ៤៤អនក្របក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ចំពោះ អំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានចែងថាក្នុងករណីរកឃើញអត្រាជាតិអាល់កុលចាប់ពី ០,៤០ (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០(សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយ លីត្រឈាមឡើងទៅ ត្រូវបញ្ឈប់មិនឱ្យបើកបរបន្តដំណើរទៅមុខទៀតទេ។
យោងមាត្រា១០ថ្មី នៃអនុក្រិត្យលេខ ៣៩អនក្របក ស្ដីពីការកែសម្រួលអនុក្រិត្យលេខ៤៤អនក្របក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានចែងថាត្រូវពិន័យអន្តការណ៍ចំពោះអ្នកបើកបរយានយន្តស្ថិតក្នុងភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០,៤០ (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយ លីត្រឈាមឡើងទៅ ដូចតទៅ៖
– ទឹកប្រាក់ចំនួន ១.០០០.០០០ (មួយលាន) រៀល សម្រាប់ទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់បួន
– ទឹកប្រាក់ចំនួន ២.០០០.០០០ (ពីរលាន) រៀល សម្រាប់យានយន្តធុនស្រាល
– ទឹកប្រាក់ចំនួន ៤.០០០.០០០ (បួនលាន) រៀល សម្រាប់យានយន្តធុនធ្ងន់។
ក្នុងករណីនេះ ត្រូវបញ្ឈប់មិនឱ្យបើកបរបន្តដំណើរទៅមុខទៀត។
ក្នុងករណីដែលជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀតក្នុងរយៈពេល ៦ (ប្រាំមួយ)ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន ត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។ ក្នុងករណីនេះមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ត្រូវរៀបចំកំណត់ហេតុបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់តាមវិធានការច្បាប់៕
ដោយ ៖ សហការី