ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ មន្ត្រីផ្នែកនិងសង្កាត់រដ្ឋបាលជលផលរួមសហការដោយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច យោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ចុះល្បាតនិងបង្រ្កាបបទល្មើសជលផល ដោយឃាត់ខ្លួនជនប្រព្រឹត្តចំនួន០២នាក់រួមទាំងឧបករណ៍នេសាទដែលជាវត្ថុតាង និងមធ្យោបាយ(កាណូត)ផងដែរ ។
ករណីសមត្ថកិច្ចសហការបង្រ្កាបឃាត់ខ្លួនអ្នកនេសាទខាងលើធ្វើឡើងនៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចមុខព្រែកខ្ញែង ស្ថិតនៅភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោក លឹម សុក្រឹត នាយរងផ្នែករដ្ឋបាលជលផលរាំងទិល និងជានាយសង្កាត់រដ្ឋបាលជលផលបាកាន បានឱ្យដឹងនៅព្រលប់ថ្ងៃអាទិត្យ ១២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នេះថា លទ្ធផល កម្លាំងសមត្ថកិច្ចយើងអនុវត្តបាន១ករណី ដោយឃាត់ខ្លួនជនប្រព្រឹត្តជាក់ស្ដែងចំនួន០២នាក់ ទី១-ឈ្មោះ ទ្រឹង យ៉ាំងហុង ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិវៀតណាម និងទី២-ឈ្មោះ ទ្រឹង យ៉ាំងស៊ីង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប(ព្រែកក្បាលតោល)ស្ថិតនៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
លោក លឹម សុក្រឹត ឱ្យដឹងទៀតថា ក្នុងនោះសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន បាឡាស្នាច់ទំហំទទឹង១.២ម៉ែត្រ និងបណ្ដោយប្រវែងប្រមាណ៦ម៉ែត្រ និងជម្រៅ០៤ម៉ែត្រ ភ្ជាប់ម៉ាស៊ីនម៉ាក ហ៊ីណូតា១៨សេះចំនួន០១គ្រឿង ឧបករណ៍បំពងសំឡេង០១គ្រឿង ឧបករណ៍ចាប់ត្រីទំនើប(មងបីជាន់)ប្រវែង២៥០ម៉ែត្រ ។
លោក បញ្ជាក់បន្ថែមទៀតថា ចំពោះឧបករណ៍និងមធ្យោបាយ(កាណូត)ដែលជាវត្ថុតាង សមត្ថកិច្ចជំនាញ(រដ្ឋបាលជលផល)រក្សាទុកជាបណ្ដោះអាសន្ន។ ដោយឡែក ជនប្រព្រឹត្តជាជនជាតិវៀតណាមទាំង០២នាក់បានប្រគល់ជូនដល់ដៃសមត្ថកិច្ចតុលាកាហើយដើម្បីបន្តនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន