ភ្នំពេញ៖ យោងតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះថា៖ បន្ទាប់ពីប្រើប្រាស់ពេលអស់ចំនួន៣យប់៤ថ្ងៃ អគ្គិភ័យឆេះអគារ Sky City ស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងហើយ នៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ អគារ Sky City កម្ពស់៥ជាន់ ដែលកំពុងដំណើរការសាងសង់ដោយអន្លើរនេះ ត្រូវបានអគ្គិភ័យឆាបឆេះឡើង កាលពីវេលម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដែលស្ថិតនៅវិថីរដ្ឋសភា ក្នុងភូមិ១៥ ក្រុម០១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ លោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍មកកាន់លេខ Hotline របស់លោកថា មានអគ្គិភ័យឆាបឆេះអគារ Sky City ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ភ្លាមៗនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យនៅតាមបណ្តាគោលដៅទាំងអស់ឲ្យចេញរថយន្តជួយសង្គ្រោះអន្តរាគមន៍ទាន់ពេលវេលា ដោយក្នុងនោះ មានរថយន្តពន្លត់អគ្គិភ័យប្រភេទជណ្តើរប្រវែង ៥៤ម៉ែត្រផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យក៏បន្តបានថា ដោយនៅក្នុងប្រតិបត្តិការយ៉ាងសស្រាក់សស្រាំដោយមិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ ជាមួយភាពស្មុគស្មាញនៃទីតាំងអគារនេះ ធ្វើឡើងដោយកម្លាំងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ, នាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អង្គភាព 711 នៃកងពលតូចលេខ៧០, បញ្ជាការដ្ឋានទ័ពពិសេស និងបណ្ដារថយន្ដជំនួយរបស់ក្រុមហ៊ុនឯកជនជាច្រើនផ្សេងទៀត។ ដោយឡែក នៅទីតាំងប្រតិបត្តិការផ្ទាល់ គឺមានការដឹកនាំបញ្ជាពីសំណាក់ លោកទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក មាន ចាន់យ៉ាដា អភិបាលរងអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងកងកម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋានផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តថា ក្នុងរយៈពេល៣យប់ ៤ថ្ងៃនេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៥២គ្រឿង និងប្រើប្រាស់ទឹកសរុបចំនួន៣,៧៩៧ឡាន ជាមួយកម្លាំងសរុបរួមក្នុងប្រតិបត្តិការសង្គ្រោះជាង៤០០នាក់។ ក្នុងនោះរួមមាន៖ រថយន្ដការិយាល័យជំនាញចំនួន២១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន៣០០០ឡាន, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន៥គ្រឿង ប្រើប្រាស់អស់ចំនួន៤៨ឡាន, រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣២០ឡាន, រថយន្តអគ្គិភ័យទីក្រុងនរាចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៥០ឡាន, រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៦២ឡាន, រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣០ឡាន, រថយន្តអគ្គិភ័យ៧១១ចំនួន៤គ្រឿង ប្រើប្រាស់អស់ចំនួន៥០ឡាន, រថយន្តអគ្គិភ័យកងប្រតិបត្តការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៩១១ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៨ឡាន, រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន១៤ឡាន និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៥ឡាន។
បើទោះបីអគ្គិភ័យត្រូវគ្រប់គ្រងបានទាំងស្រុងយ៉ាងណាក្ដី នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្ដដាក់កម្លាំងការិយាល័យជំនាញរបស់លោក ដើម្បីប្រចាំការមួយយប់ទៀតនៅកន្លែងកើតហេតុ ព្រោះខ្លាចក្រែងមានចន្លោះប្រហោងដោយប្រការណាមួយ ឬអាចនៅសេសសល់រងើកភ្លើងដែលអាចបង្កជាអគ្គិភ័យឡើងវិញ ខណៈកម្លាំងបណ្ដាអង្គភាពផ្សេងទៀត ត្រូវបានអនុញ្ញាតឲ្យវិលចូលអង្គភាពវិញ។
យ៉ាងណាក៏ដោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ខូចខាតសម្ភារៈឆេះអគារខារ៉ាអូខេ Sky City សរុបអ់សចំនួន១៦បន្ទប់ ស្មើរនឹង៨០ភាគរយនៃការឆេះខូចខាតទាំងអស់ ក្នុងនោះរួមមានការឆេះបន្ទប់ខារ៉ាអូខេនៅជាន់ទី៣ ទំហំប្រហាក់ប្រហែល (៥ម៉ែត្រ គុណ ៦ម៉ែត្រ) អស់ចំនួន០៨បន្ទប់, ឆេះបន្ទប់ខារ៉ាអូខេនៅជាន់ទី៤ ទំហំប្រហាក់ប្រហែល (៥ម៉ែត្រ គុណ ៦ម៉ែត្រ) អស់ចំនួន០៧បន្ទប់ និងឆេះបន្ទប់ស្តុកអីវ៉ាន់នៅជាន់ទី៥ ទំហំប្រហាក់ប្រហែល (៤ម៉ែត្រ គុណ ៦ម៉ែត្រ) អស់ចំនួន០១បន្ទប់ រួមទាំងឆេះរោលផ្សែងទៅបន្ទប់ផ្សេងទៀតនៅជាន់ទី០៥ អស់មួយផ្នែកតូច ហើយពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។ ចំពោះមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើងខាងលើនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី។
ជាចុងក្រោយ លោកទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានថ្លែងអំណរគុណ និងស្ញប់ស្ញែងចំពោះកងកម្លាំងសង្គ្រោះគ្រប់បណ្ដាអង្គភាពទាំងអស់ ដែលរួមសហការគ្នាបានយ៉ាងល្អ ទើបឈានទៅគ្រប់គ្រងបានទាំងស្រុងនៅករណីអគ្គិភ័យមួយនេះ។ លោកបានចាត់ទុកថា នេះជាបទពិសោធន៍មួយបន្ថែមទៀត សម្រាប់កម្លាំងសង្គ្រោះ ដោយហេតុថា ទីតាំងអគារនេះមានភាពស្មុគស្មាញ់ និងលំបាកក្នុងការចូលទៅសង្គ្រោះ៕
ដោយ៖ សហការី