ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ​ បង្ក្រាបក្មេងទំនើងឃាត់ខ្លួនបាន ៤៦នាក់ លើ២២ ករណី មួយសប្តាហ៍ចុងក្រោយនេះ!

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី២៥​ ខែធ្នូ​ ឆ្នាំ​២០២៣នេះថា យោងតាមរបាយការណ៍ប្រចាំថ្ងៃក្នុងសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប២២ករណី និងឃាត់ខ្លួនជនសង្ស័យបាន ​៤៦នាក់​ដើម្បីចាត់ការណ៍ទៅតាមនីតិវិធី។

ក្រៅពីបញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង គឺជារឿងដ៏រសើបមួយ ក្នុង​ចំណោមបញ្ហាធំៗ ទាំង៦ ដែល​ក្រសួងមហាផ្ទៃ ​បាន​ដាក់គោលដៅអាទិភាព ក្នុង​អាណត្តិរដ្ឋសភានីតិកាលទី៧នេះ។ ចំណាត់ការរបស់ក្រសួងមហាផ្ទៃក៏ដូចជាលទ្ធផលនាពេលនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់អង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃដែលមាន អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានីខេត្ត អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលនៅទូទាំងប្រទេសដែលអស់លោកមានសមត្ថកិច្ចបាននិងកំពុងតែធ្វើការងារយ៉ាង​យកចិត្តទុកដាក់ ដើម្បីធានាបាននូវសន្តិសុខក៏ដូចជាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ 

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុឃៈ (សុខៈ) បញ្ជាក់ទៀតថា ករណីបង្ក្រាបក្មេងទំនើង គឺជាចំណុចអាទិភាពមួយ ​ដែលត្រូវដោះស្រាយ​នៅទូទាំងប្រទេសក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលដាក់ចេញដោយ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផៃ្ទ តាមទស្សនៈ «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»។

​លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងដាក់តឿនក្រើនរម្លឹក និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់​ ដល់កិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច អាជ្ញាធរ ប្រជាការពារ និងតួអង្គពាក់ព័ន្ធទាំងអស់ ព្រម​ទាំងជំរុញបន្តធ្វើការ​បន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋប្រកប​ប្រសិទ្ធភាព ប្រសិទ្ធផល និង​សង្គតិភាព។ ​ក្រៅពីតាមដាន ក្របួច និង​បង្ក្រាបជនសង្ស័យ ការអនុវត្តផែនការសកម្មភាពផ្សព្វផ្សាយអប់រំ ​ក៏ជាគោលការណ៍ត្រូវធ្វើ និងទាមទារឱ្យមានការចូលរួមពីចំណោមយុវជន និងប្រជាពលរដ្ឋផងដែរ៕

ដោយ៖ ស​ តារា


ចែករំលែក៖