ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង» តាមប្រព័ន្ធវីដេអូនៅវិមានសន្តិភាព ។
សូមបញ្ជាក់ថា៖ គោលដៅចំបង និងមូលដ្ឋានគ្រឹះនៃទស្សនាទានការអភិវឌ្ឍរបស់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺដើម្បី៖
១/សម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃបណ្តាប្រទេសអនុតំបន់ លើកកម្ពស់សុខុមាលភាពរបស់ប្រជាជន បង្រួមគម្លាតនៃការអភិវឌ្ឍ និងការកសាងសហគមន៍នៃអនាគតរួមសន្តិភាព និងវិបុលភាព ។
និង២/ តាមរយៈការធ្វើសមាហរណកម្មជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គផ្សេងទៀត និងយន្តការជំរុញការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់និរន្តរភាពការអភិវឌ្ឍ ។
សូមជម្រាបជូនថា : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ដែលបានប្រព្រឹត្ត ទៅនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់សហប្រធាននៃ កិច្ចប្រជុំគឺ នាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា និង លោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ អញ្ជើញអម សម្តេចធិបតី រួមមាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាល។
ក្រោមមូលបទ “ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង” ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិនិត្យឡើង វិញនូវវឌ្ឍនភាពដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការនេះ និងកំណត់ទិសដៅអនាគត សម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជា ពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។ ឯកសារចំនួនបីគ្រោងនឹងអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំ រួមមាន៖
(១) សេចក្តីថ្លែងការណ៍ទីក្រុង ណៃពិដោ។
(២) ផែនការសកម្មភាពប្រាំថ្នាំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣- ២០២៧) ។
និង (៣) គំនិតផ្តួចផ្តើមរួមស្តីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។
កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤នេះ ក៏ក្លាយជាព្រឹត្តិការណ៍ ដ៏សំខាន់សម្រាប់ប្រទេសសមាជិកមេគង្គ-ឡានឆាង ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើក កម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងអនុតំបន់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង ឈានទៅមុខបន្ថែមទៀត តាមរយៈការដាក់ឱ្យអនុវត្តផែនការសកម្មភាពប្រាំឆ្នាំស្ដីពី កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕
ដោយ ៖ សិលា