ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រឿងញៀនក្នុងឆ្នាំ២០២៣នេះកម្លាំងនគរបាលខេត្តក្រចេះ បង្ក្រាបបាន១០៨ករណី កើនឡើង៣៩ករណី ស្មើនឹង៥៧% ធៀបនឹងឆ្នាំមុន

ចែករំលែក៖

ខេត្តក្រចេះ ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក្រោមការដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បានធ្វើការបង្ក្រាបករណីគ្រឿងញៀន ក្នុងឆ្នាំ២០២៣នេះ បានចំនួន១០៨ ករណី បើប្រៀបធៀបនឹងឆ្នាំ២០២២ មាន៦៩ករណី មានការកើនឡើង៣៩ករណី ស្មើនឹង៥៧%។

ក្នុងការបង្ក្រាបនេះ កម្លាំងនគរបាលបានចាប់ឃាត់ខ្លួនជនសង្ស័យ បានចំនួន ១៨៧នាក់ ក្នុងនោះស្រី ២១នាក់ ជនជាតិខ្មែរចំនួន ១៦៤នាក់ ស្រី ១៨នាក់, ជនជាតិខ្មែរ-អ៊ិស្លាម ចំនួន ២១នាក់ ស្រី ០៣នាក់ និងជនជាតិវៀតណាម ចំនួន ០២នាក់។ នេះយោងតាមរបាយការណ៍របស់សមត្ថកិច្ច។

លោក ស៊ាង សុភ័ក្រ្ត ស្នងការរងទទួលផែនគ្រឿងញៀន បានឲ្យដឹងថា ក្នុងករណីបង្ក្រាបខាងលើ គឺដករហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៥២៧កញ្ចប់ស្មើនឹង១,៣៥៦.០៣ក្រាម, ប្រាក់ រៀលចំនួន ២.១២៨.០០០៛ (ពីរលានដប់ពីរម៉ឺនប្រាំបីពាន់រៀលគត់), ខ្សែលោហៈធាតុពណ៌លឿងទុំចំនួន ០១ខ្សែ, បន្តោងលោហៈធាតុពណ៌លឿងទុំរូបយុតិកាចំនួន ០១, ចិញ្ចៀនធ្វើអំពីលោហៈធាតុពណ៌លឿងចំនួន ០១វង់, ខ្សែកធ្វើ អំពីលោហៈធាតុពណ៌លឿង មានប្រវែង៥៧សង់ទីម៉ែត្រ ចំនួន ០១ខ្សែ, បន្តោងខ្នាយស្រោបលោហៈធាតុពណ៌លឿង ចំនួន ០១, ម៉ូតូចំនួន ៤២គ្រឿង.ទូរស័ព្ទចំនួន ១២៤គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ២០គ្រឿង, ទុយោ សម្រាប់ចូករំលែកគ្រឿងញៀនចំនួន ៣៦ដើម, ស្លាបព្រាជ័រសម្រាប់ចូកគ្រឿងញៀនចំនួន ០១, បំពង់កែវសម្រាប់ជក់ គ្រឿងញៀនចំនួន ៣០, រូបថតចំនួន ៥១សន្លឹក, កាំភ្លើង AK47 ចំនួន ០២ដើម, បង់ចំនួន ០៤, គ្រាប់កាំភ្លើងចំនួន ៨៥គ្រាប់ (គ្រាប់ RPD ចំនួន ០១គ្រាប់, គ្រាប់ R15 ចំនួន ០២គ្រាប់ និងគ្រាប់ AK ចំនួន ៨២គ្រាប់), សោខៀចំនួន ០៣, កូនសោលេខ១៣ចំនួន ០១, ដង្កាប់ចំនួន ០១, កន្ត្រៃកាត់ខ្សែភ្លើងចំនួន ០១, កាំភ្លើងកែច្នៃចំនួន ១៨ដើម, គ្រាប់វ៉ាងដឺ ឡុងចំនួន ០១គ្រាប់, ដាវចំនួន ០៥ដើម, ពូថៅចំនួន ០១, កាំបិតស្នៀតចំនួន ០៣ដើម, ដែកឆាបចំនួន ០១, កង់ ចំនួន ០១គ្រឿង, កន្ត្រៃចំនួន ០៥, កាំភ្ញៀវចំនួន ០១ដើម, ផាវគ្រាប់បែកចំនួន ០៥គ្រាប់, គ្រាប់សម្រាប់បាញ់ (គ្រាប់ឃ្លី)ចំនួន ២៨គ្រាប់, ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ចំនួន ០១, នាឡិកាដៃចំនួន ០២គ្រឿង, កាបូបលុយចំនួន ០៣, កូនកាបូបឆ្នូត (ពណ៌លឿង,ពណ៌ក្រហម និងពណ៌ត្រួយចេក) ចំនួន ០១, ជំពាមកៅស៊ូចំនួន ០១, កាបូបដាក់គ្រឿងញៀនចំនួន ០១, ដែកកេះចំនួន ២៧, ជញ្ជីងប៉ុង ៣០គីឡូចំនួន ០១គ្រឿង, បំពង់ជ័រពណ៌ខ្មៅសម្រាប់ដាក់គ្រឿងញៀនចំនួន ០១, ថង់ សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖