ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកកណ្តៀង ឃាត់ខ្លួននារីម្នាក់ ពាក់ព័ន្ធករណីចោរកម្ម លួចទ្រព្យសម្បត្តិអ្នកដទៃ

ចែករំលែក៖

  ខេត្ត​ពោធិ៍សាត់៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ នៅព្រឹកថ្ងៃ​ទី២៧​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកណ្តៀង បានធ្វើការឃាត់ខ្លួននារីចំនួន០១នាក់ ពាក់ព័ន្ធករណីចោរកម្ម លួចទ្រព្យសម្បត្តិអ្នកដទៃ នៅចំណុចវិហារឥស្លាម ស្ថិតនៅភូមិស្ថានីយ៍ ឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីព្រលប់ថ្ងៃទី២៦ ខែធ្នូម្សិលមិញនេះ​។

លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការ នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧​ ខែធ្នូ​នេះថា សមត្ថកិច្ចនគរបាលបានទទួលបណ្ដឹងពីឈ្មោះ រេស មារីយ៉ា ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិស្ថានីយ៍ ឃុំកណ្ដៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់​ កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤និង១០នាទីថា មានជនសង្សយ័ឈ្មោះ សា សូលីកា ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិ ព្រៃស្រគុំ ឃុំស្យា ស្រុកកណ្ដៀងខេត្តពោធិ៍សាត់ បានចូលលួចគ្រឿង អលង្ការ របស់គាត់ ដែលបានដាក់នៅក្នុងផ្ទះរបស់គាត់ សម្ភារៈបាត់បង់ទាំងនោះមាន ខ្សែដៃ០១ខ្សែ តម្លៃ៦០០,០០០រៀល ខ្សែក០១ខ្សែ តម្លៃ ១,១៥០,០០០រៀល ចិញ្ចៀន០១វង់ តម្លៃ៦០០,០០០រៀល ក្រវិលមាសមួយគូ តម្លៃ ២០០,០០០រៀល លុយខ្មែរចំនួន ៧០,០០០រៀល ។

លោកអធិការបានបន្តថា បន្ទាប់ពីទទួលបណ្ដឹង កម្លាំងបានសហការស្វែងរកមុខសញ្ញាសង្ស័យខាងលើ លុះដល់ម៉ោង១៧ និង១៥នាទី នៅថ្ងៃខែឆ្នាំដដែល កម្លាំងបានប្រទះឃើញជន សង្ស័យខាងលើកំពុងជិះកង់នៅចំណុចវិហារឥស្លាមស្ថិតនៅភូមិស្ថានីយ៍ ឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កម្លាំងបានចាប់ឃាត់យកសាកសួរ និងឆែកឆេរលើខ្លួនជនសង្ស័យរកឃើញលុយខ្មែរចំនួន ៧០៦,០០០រៀល ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចគ្រឿងអលង្ការ ទាំងនោះប្រាកដមែន នឹងបានយកទៅលក់ អោយគេផ្សារពោធិ៍សាត់ ដោយមិនស្គាល់ឈ្មោះអ្នកទទួលទិញនោះទេ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ កម្លាំងបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដៀង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ អរុណរះ


ចែករំលែក៖