ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​០២នាក់ ដែលនិយាយពាក្យសម្តីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ជនសង្ស័យចំនួន០២នាក់ ដែលនិយាយពាក្យសម្តីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី។ 

ការឃាត់ខ្លួននេះ​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ  នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីជនសង្ស័យប្រុសស្រីចំនួន០២នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ly Leap បង្ហោះវីដេអូនិយាយពាក្យសម្តីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម។ បន្ទាប់មក លោកស្នងការ បានបញ្ជាឱ្យមន្រ្តីជំនាញស្រាវជ្រាវរកម្ចាស់គណនី LY Leap និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ​ សុខ លា (ប្តី),  ២.ឈ្មោះ សុខ លីដា (ប្រពន្ធ) នៅចំណុចផ្ទះសំណាក់គ្រីនផាក ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដើម្បីយកមកធ្វើការសាកសួរ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលពួកគេមានវិជ្ជមានសារធាតុញៀន។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖