ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ៖​ សូមរំលឹកដល់អាណាព្យាបាល មេត្តាយកចិត្តទុកដាក់ពីសុវត្ថិភាពកូនតូចៗរបស់ខ្លួន ដែលមិនទាន់គ្រប់អាយុបើកបរនៅលើដងផ្លូវ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ សំ​ វិច្ឆិកា​ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​ថា សូមរំលឹកដល់អាណាព្យាបាល មេត្តាយកចិត្តទុកដាក់ពីសុវត្ថិភាពកូនតូចៗរបស់ខ្លួន ដែលមិនទាន់គ្រប់អាយុបើកបរនៅលើដងផ្លូវ សូមកុំឱ្យគាត់បើកបរនៅលើដងផ្លូវ ព្រោះនេះជាហានិភ័យអាចមានគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយនៃការធ្វេសប្រហែសរបស់អាណាព្យាបាល។ 

លោកអ្នកនាំពាក្យរូបនេះ​ បានថ្លែងបន្តថា​ យោងតាមអនុក្រឹត្យលេខ៣៩អនក្រ.បក និងមាត្រា៨ថ្មី នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវមានអាយុយ៉ាងតិច១៥ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណណាមួយ។ 

ជាមួយគ្នានេះ​ លោកអ្នកនាំពាក្យ​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ ចូលរួម​គោរព​សិទ្ធិ​ក្នុង​ការបេីកបរ​ កុំបេីកបរបំពាន​កន្លងផ្លូវ​ និង​គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក​ និងក្រុមគ្រួសារ​៕

ដោយ​៖ ស​ តារា


ចែករំលែក៖