ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពីបុណ្យចូលឆ្នាំសកល

ចែករំលែក៖

ភ្នំពេញ ៖ យើងប្រាកដជាយល់ដឹងថា ៖ ឆ្នាំចាស់បានកន្លងផុតទៅ ឆ្នាំថ្មីមួយទៀតបានឈានចូលមកដល់។ ពិធីបុណ្យចូលឆ្នាំសកលគឺជាប្រពៃណីក៏ចំណាស់ជាពិធីបុណ្យនានានៃប្រទេសលោកខាងលិចក្នុងទ្វីបអឺរ៉ុបនាយុគសម័យបុរាណ។ ពិធីបុណ្យនេះបានជះឥទ្ធិពលជាបន្ដបន្ទាប់ទៅលើប្រទេសនានានៃទ្វីបដទៃទៀតនៅលើពិភពលោក ដែលគ្រប់គ្នាតែងនិយមនាំគ្នាប្រារព្ធទិវាបុណ្យចូលឆ្នាំសកលនេះជារៀងរាល់ឆ្នាំ។

ការប្រារព្ធទិវាបុណ្យនេះ ឯកសារខ្លះបញ្ជាក់ថា បានចាប់ផ្ដើមជាដំបូងបង្អស់កាលពីប្រមាណ៤ពាន់ឆ្នាំមុន ដោយកំណត់តាមប្រតិទិនចន្ទគតិ ឬដំណើរគោចរនៃព្រះចន្ទ ដូចជាទិវាបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្មែរ យើង។ ប៉ុន្ដែការកំណត់យកថ្ងៃទី១ មករា តាមប្រតិទិនសុរិយគតិ ឬដំណើរគោចរនៃព្រះអាទិត្យ ជាទិវាបុណ្យចូលឆ្នាំសកល គឺចាប់ផ្ដើមក្នុងអំឡុងឆ្នាំ៤៦ មុនគ្រិស្ដសករាជ ដោយព្រះចៅអធិរាជមួយអង្គនៃចក្រភពរ៉ូម៉ាំង។

មកដល់បច្ចុប្បន្ន ទិវាបុណ្យចូលឆ្នាំសកលគឺជាវេលាឈប់សម្រាកការងារ ជួបជុំក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយទទួលទានអាហាររួមគ្នា បង្កើតភាពសប្បាយរីករាយជាមួយគ្នា។ ប្រពៃណីពិសេសមួយទៀតនៃការប្រារព្ធពិធីបុណ្យនេះ គឺការជួបជុំគ្នានារាត្រីឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។ ១០វិនាទីមុនម៉ោង១២ពាក់កណ្ដាលអាធ្រាត គេចាប់ផ្ដើមស្រែកព្រមគ្នា ដោយរាប់ថយក្រោយរហូតដល់ទ្រនិចនាឡិកាដើរដល់ម៉ោង១២គត់ គេចាប់ផ្ដើមបាញ់កាំជ្រួច ជះពន្លឺព្រោងព្រាយចម្រុះពណ៌គួរឱ្យចង់គយគន់ និងលាន់សូរកងរំពងទៅលើអាកាស លាយឡំនឹងសំឡេងស្រែកអបអរសាទរស្វាគមន៍ឆ្នាំថ្មីពីមនុស្សម្នាជាច្រើនដែលចូលរួមក្នុងពិធីនោះ៕

ដោយ ៖ សិលា


ចែករំលែក៖