ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តកំពត ទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិជិត៤០ម៉ឺនាក់​ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល

ចែករំលែក៖

ខេត្ត​កំពត​៖​ លោក សយ ស៊ីណុល​ ប្រធានមន្ទីរទេសណ៍ខេត្តកំពត បានឱ្យដឹងថា​ ខេត្តកំពត សម្រាប់ព្រឹត្តិការណ៍ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល២០២៣ ចូល២០២៤ ភ្ញៀវទេសចរ បាន​នាំ​គ្នា​ចេ​ញ ដើរកម្សាន្តតាមបណ្តាខេត្តច្រើនជាងឆ្នាំមុនៗ ខណៈ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកកម្សាន្តជិត៤០ម៉ឺននាក់។ ហើយភ្ញៀវទេសចរ និង​អាជីវករ បានបង្ហាញ អារម្មណ៍សប្បាយរីករាយ និងនិយាយថារដ្ឋបាលខេត្តរៀបចំបានស្អាតប្លែក ធ្វើ​ឲ្យ​ទេចរសប្បាយរីករាយ កក់ក្ដៅក្នុងចិត្តយ៉ាងខ្លាំង។

លោកប្រធានមន្ទីរទេសណ៍រូបនេះ​ បន្តថា ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ចង្អុលបង្ហាញ និងដឹកនាំដោយផ្ទាល់ពី សំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុ​ង​ការ​រៀបចំតុបតែងកែលម្អសោភ័ណភាពក្រុង ពិសេសការអភិវឌ្ឍន៍តំបន់ឆ្នេរ និង​កម្ម​វិធី​កម្សាន្ត​សប្បាយ​ច្រើន​ផងនោះ បានធ្វើឲ្យព្រឹត្តិការណ៍ឆ្លងឆ្នាំនៅខេត្តកំពត មានភាពអធឹកអធម គគ្រឹក​គគ្រេង ពោពេញដោយភាពសប្បាយរីករាយក្រៃលែង។ 

លោកប្រធានមន្ទីរ​ បានបន្ថែម​ថា សម្រាប់​ថ្ងៃទី៣១ ខែធ្នូ (ថ្ងៃCount Downឆ្លងឆ្នាំ)ខេត្តកំពត មានទេសចរសរុបចំនួន៣៨៦ ៤៨៨ នាក់ ក្នុងនោះ ៖ ភ្ញៀវទេសចរកំសាន្តតាមរមណីយដ្ឋាន សហគមន៍​ទេសចរណ៍​នានា​សរុប​ចំនួន ៥៦ ៤៨៨ នាក់ (ភ្ញៀវអន្តរជាតិចំនួន២៤៨៨នាក់) ខណៈដែលភ្ញៀវទេសចរជាតិ អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ ចូលរួមកំសាន្តសប្បាយកម្មវិធីរាប់ថយក្រោយ(Count Down) ក្នុង​ក្រុង មានចំនួនសរុប ៣៣០ ០០០នាក់ (ភ្ញៀវទេសចរអន្តរជាតិចំនួន១៥០០នាក់ )។

បន្ថែមពីនេះ​ ប្រធានមន្ទីររូបនេះ​ បានគូសបញ្ជាក់ថា​ ព្រឹត្តិការណ៍ឆ្លងឆ្នាំ(២០២៣ ចូល២០២៤) បាន​ព្រឹត្តិទៅល្អប្រសើរ មិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកក់សំគាល់នោះឡើយ ហើយ​បើ​ទោះ​ជា​មាន​ទេសចរ​មកលេងពេញក្រុងកំពត និងគ្រប់គោលដៅទេសចរណ៍ និងរមណីយដ្ឋាន​យ៉ាង​ណា​ក៏​ដោយ​ រដ្ឋបាលខេត្តនៅតែរក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានការ​កក​ស្ទះ​ចរាចរណ៍ ធ្វើឲ្យភ្ញៀវទេចរមានទទួលបានភាពសប្បាយរីករាយ និងកក់ក្តៅក្នុងចិត្តយ៉ាងខ្លាំង៕

ដោយ​៖ តារា​


ចែករំលែក៖