ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យ​ឆាបឆេះ​បន្ទប់​ឡៅតឿ​ក្នុង​ផ្ទះ​ល្វែង​មួយ​កន្លែង​ដែល​ស្ថិត​នៅ​សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​បឹង​កេង​កង​

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ​ នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្រ្គោះ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ នៅរសៀលថ្ងៃទី០២​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ មានករណីអគ្គិភ័យមួយ​បានឆាបឆេះ​បន្ទប់​ឡៅតឿ​ក្នុង​ផ្ទះ​ល្វែង​មួយ​កន្លែង​តាមបណ្តោយផ្លូវម៉ៅសេងទុង ស្ថិត​ក្នុងសង្កាត់​ទំនប់​ទឹក​ ខណ្ឌ​បឹង​កេង​កង​។ ភ្លាម​ៗនោះ​កម្លាំងជំនាញ​បានចេញរថយន្តពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​ទៅជួយអន្តរាគមន៍បាញ់​ទឹកពន្លត់​ទាន់ពេលវេលា​។ 

ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​នៅវេលាម៉ោង១រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ ២៦៨E0 តាមបណ្តោយផ្លូវម៉ៅសេងទុង កែងផ្លូវលេខ ១៩៩ ភូមិ០៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចជំនាញ​បានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ឆេង ឆេងអាង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ។ សមត្ថកិច្ចបន្តថា មូលហេតុ៖  ឆ្លងចរន្តអគ្គិសនី។ ប្រភេទសំណង់ ដែកប្រក់ស័ង្កសី ទំហំ០៤ម៉ែត្រx ១០ម៉ែត្រ។ ខូចខាតសម្ភារៈ ឆេះបន្ទប់ទំហំ ០៣ម៉ែត្រx០៤ម៉ែត្រចំនួន០១បន្ទប់ រួមមាន៖​ ម៉ាស៊ីនត្រជាក់ចំនួន០១គ្រឿងនិងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

ក្នុងកិច្ចអន្តរាគមន៍សមត្ថកិច្ចប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប ៕

ដោយ​៖ តារា​


ចែករំលែក៖