ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ នៅល្ងាចនេះ បានបញ្ជាក់អោយដឹងថា ៖ សូមសាធារណជនមេត្តាជ្រាប និងប្រុងប្រយ័ត្នកុំចាញ់បោកបុគ្គល MEAN Sodara ឬខ្លឹមសារដែលបានផ្សព្វផ្សាយនៅតេលេក្រាមកាណាល់ “ISRAEL WORK 2024” និងកាណាល់ “ក្រុមជ្រើសរើសពលករទៅធ្វើការនៅប្រទេសអ៊ីស្រអែល” ឱ្យសោះ ។
លោករដ្ឋមន្ត្រីបានបង្ហោះផេកផ្លូវការថា ៖ មុននេះ ខ្ញុំទើបទទួលបានព័ត៌មានអំពីក្មួយៗ និងប្អូនៗករណី បុគ្គលមួយរូបដែលមានឈ្មោះក្នុងតេលេក្រាមថា MEAN Sodara បានបង្កើតតេលេក្រាមកាណាល់ឈ្មោះ “ISRAEL WORK 2024” និងកាណាល់ “ក្រុមជ្រើសរើសពលករទៅធ្វើការនៅប្រទេសអ៊ីស្រអែល” ដើម្បីជ្រើសរើស និងបញ្ជូនពលករឱ្យទៅធ្វើការងារនៅប្រទេសអ៊ីស្រអែល ដោយខុសច្បាប់។
លោកបញ្ជាក់ថា ៖ ខ្ញុំសូមបញ្ចាក់ជូនសាធារណជនថា បច្ចុប្បន្នកម្ពុជាមិនទាន់បានចុះកិច្ចព្រមព្រៀងក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនៅឡើយ ពោលគឺយើងកំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាគ្នានៅឡើយ ដូច្នេះការចេញទៅធ្វើការនៅប្រទេសអ៊ីស្រអែលតាមរយៈមេខ្យល់ ឬរូបភាពក្លែងបន្លំឯកសារជាសិស្ស ឬជានិស្សិត គឺជាករណីខុសច្បាប់ និងជាបទល្មើសនៃការជួញដូរមនុស្ស។
ហេតុដូច្នេះ សូមសាធារណជនមេត្តាជ្រាប និងប្រុងប្រយ័ត្នកុំចាញ់បោកបុគ្គល MEAN Sodara ឬខ្លឹមសារដែលបានផ្សព្វផ្សាយនៅតេលេក្រាមកាណាល់ “ISRAEL WORK 2024” និងកាណាល់ “ក្រុមជ្រើសរើសពលករទៅធ្វើការនៅប្រទេសអ៊ីស្រអែល” ឱ្យសោះ។ ក្រសួង កំពុងធ្វើការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដើម្បីចាត់វិធានការដល់បុគ្គលពាក់ព័ន្ធ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងធ្វើការជូនដំណឹងជាសាធារណៈនៅពេលដែលកម្ពុជាមានកិច្ចព្រមព្រៀង និងយន្តការគ្រប់គ្រង ការពារ និងគាំពារពលករនៅប្រទេសអ៊ីស្រអែលជាផ្លូវការ។
សូមអរគុណ! ៕
ដោយ ៖ សិលា