ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ក្រោយធ្វើសកម្មភាពកាច់កលួចម៉ូតូ បាន២ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងនគរបាលខណ្ឌ សហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់ឫស្សីកែវ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពលួចម៉ូតូកាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៦និង០២នាទី នៅចំណុចមុខផ្ទះលេខ១៨ក  ផ្លូវលំ ក្រុមទី០១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    ជនរងគ្រោះឈ្មោះហែម ពៅពិសិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ មុខរបរជាងសំណង់។

  ចំណែកជនសង្ស័យមានគ្នា០២នាក់

១-ឈ្មោះ រិន ឌីណា ហៅ អាប៊ិប ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១  ខណ្ឌឫស្សីកែវ  មុខរបរដើររើសអេតចាយ(ឃាត់ខ្លួន)។

២-ឈ្មោះ ហៅ ដួង ហៅតឿ ភេទប្រុស អាយុប្រហែល៣២ឆ្នាំ មានទីលំនៅផ្ទះជួលក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១(គេចខ្លួនបាត់)។

    សម្ភារដកហូត៖

១-ម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពាក់ផ្លាកលេខភ្នំពេញ១HH-២២៥៤(ម៉ូតូរបស់ជនរងគ្រោះ) បានប្រគល់ជូនជនរងគ្រោះវិញហើយ។

    លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចតម៉ូតូនៅមុខផ្ទះពុំបានដកកូនសោទេ ហើយជនសង្ស័យមានគ្នាពីរនាក់ អ្នកបើកម៉ូតូឈ្មោះ ដួង និងអ្នកជិះពីក្រោយឈ្មោះរិន ឌីណា ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ មិនចាំផ្លាកលេខ ពេលមកដល់កន្លែងកើតហេតុឃើញជនរងគ្រោះចតម៉ូតូពុំដកកូនសោ ក៏ឈប់ម៉ូតូហើយអោយឈ្មោះរិន ឌីណា ចូលទៅលួច។ ពេលលួចបានហើយក៏នាំគ្នាគេចទៅបាត់ ហើយនៅថ្ងៃទី០២  ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៣និង៣០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ។ ក្រោយដាក់ពាក្យបណ្តឹងរួច ផ្នែកជំនាញខណ្ឌនិងប៉ុស្តិ៍បានបើកការស្រាវជ្រាវរហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ ហើយឃាត់ខ្លួនបានមួយនាក់រួមនឹងវត្ថុតាងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ នៅចំណុច ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១។

  ចំពោះមុខ ផ្នែកជំនាញខណ្ឌ-ប៉ុស្តិ៍កំពុងសាកសួរយកចម្លើយ និងតាមចាប់បក្សពួកដែលសេសសល់ ហើយពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តទៅតាមនីតិវិធី៕

ដោយ ៖ ជីណា


ចែករំលែក៖