ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ូទីបង្កើនសកម្មភាពវាយប្រហារលើកប៉ាល់ពាណិជ្ជកម្ម អង្គការសហប្រជាជាតិអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា សមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធសប្តាហ៍នេះបានអំពាវនាវដល់ក្រុមហ៊ូទីរបស់យេម៉ែន ឱ្យបញ្ឈប់ការវាយប្រហារទៅលើកប៉ាល់ពាណិជ្ជកម្មនៅឯសមុទ្រក្រហមនិងតំបន់ឈូងសមុទ្រ Aden ដោយនិយាយថា ពួកគេកំពុងប្រព្រឹត្តសកម្មភាពខុសច្បាប់ គំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ សេរីភាពនៃការធ្វើនាវាចរណ៍ និងការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក។
ថ្លែងទៅកាន់កិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សា UN នៃដើមឆ្នាំ ២០២៤នេះ សមាជិកមួយចំនួនបានទាមទារឱ្យក្រុមហ៊ូទីដោះលែងកប៉ាល់ Galaxy Leader ដែលជាកប៉ាល់ដឹកទំនិញជប៉ុនមានទំនាក់ទំនងជាមួយក្រុមហ៊ុនអ៉ីស្រាអែល ហើយត្រូវបានក្រុមនេះប្លន់យកកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ សមាជិកខ្លះទៀតក៏បានជំរុញឱ្យក្រុមប្រឹក្សា UN ចាត់វិធានការដើម្បីបញ្ឈប់ការវាយប្រហារដោយមីស៉ីលនិង
យន្តហោះដ្រូនរបស់ក្រុមហ៊ូទី។ ជាលទ្ធផល កិច្ចប្រជុំមិនបានឈានដល់ការដាក់ចេញនូវវិធានការណាមួយទេ។
អ្នកតំណាងរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ៉ីស្រាអែល បានចោទប្រកាន់អ៉ីរ៉ង់ថាកំពុងគាំទ្រក្រុមហ៊ូទី តែអ៉ីរ៉ង់បានបដិសេធ។ រីឯ ឯកអគ្គរាជទូតជប៉ុន លោក Kazuyuki Yamazaki ក៏ស្ថិតក្នុងចំណោមអ្នកដែលអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ ចាត់វិធានការដើម្បីបញ្ឈប់ការវាយប្រហារនេះផងដែរ ខណៈឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំ UN លោក Vassily Nebenzia បានជំរុញដល់មេដឹកនាំក្រុមហ៊ូទី បន្ធូរបន្ថយរាល់សកម្មភាពដែលគំរាមកំហែងដល់កប៉ាល់ពាណិជ្ជកម្ម និងនាវិករបស់ពួកគេ។
ក្រុមហ៊ូទីដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក និងកំពុងគ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែនបានបាញ់ផ្លោងយន្តហោះដ្រូន និងមីស៉ីលទៅលើកប៉ាល់ជាង២០គ្រឿង ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកាមក ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ជុំវិញសង្រ្គាមនៅតំបន់ហ្គាហ្សា ដោយកំណត់គោលដៅលើកប៉ាល់ដែលទាក់ទងនឹងអ៉ីស្រាអែល ឬកំពុងបើកសំដៅទៅកាន់អ៉ីស្រាអែល។ ប៉ុន្តែជាក់ស្តែង កប៉ាល់ជាច្រើនមិនមានពាក់ព័ន្ធ និងមិនត្រូវចូលចតនៅកំពង់ផែរបស់អ៉ីស្រាអែលនោះទេ ហើយបណ្តាក្រុមហ៊ុនដឹកជញ្ជូនធំៗ បានផ្អាកប្រតិបត្តិការរបស់ពួកគេឆ្លងកាត់សមុទ្រក្រហម៕ ដោយ៖ ធីរីណា

រូប​ថត​៖ AP


ចែករំលែក៖