ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករអាល់ហ្សេរី Youcef Atal ត្រូវ​​ផាក​ពិន័យ និង​ដាក់​ពន្ធនាគារពាក់ព័ន្ធនឹងការផ្សព្វផ្សាយ​ជម្លោះ​អ៊ីស្រាអែល-ក្រុម​ហាម៉ាស់

ចែករំលែក៖

កីឡាករបាល់ទាត់អន្តរជាតិអាល់ហ្សេរី Youcef Atal ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល៨ខែ និងពិន័យជាប្រាក់ចំនួន៤៥,០០០អឺរ៉ូដោយតុលាការនៅទីក្រុង Nice សម្រាប់ការផ្សាយឡើងវិញតាមប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់។ តុលាការ​បាន​និយាយ​ថា ការ​បង្ហោះ​សារ​ឡើង​វិញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បង្ក​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម​ដោយ​សារ​សាសនា។

ខ្សែការពារ Atal ដែលលេងនៅក្លិប Nice តាំងពីឆ្នាំ២០១៨ ត្រូវបានក្លិប Ligue 1 ព្យួរការងារកាលពីខែតុលា បន្ទាប់ពីការបង្ហោះរបស់ប្រព័ន្ធផ្សព្វផ្សាយដែលគាត់បានលុប។

យុទ្ធជនហាម៉ាស់បានសម្លាប់ជនជាតិអ៊ីស្រាអែល១,២០០នាក់ កាលពីថ្ងៃទី៧ ខែតុលា នៅក្នុងការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែលដែលជំរុញឱ្យមានការសងសឹកលើដី និងការវាយលុកតាមអាកាសរបស់អ៊ីស្រាអែល ដែលឥឡូវនេះ ខិតជិតដល់ខែទី៣ហើយ។ ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនបានកើនឡើងដល់២២,៣១៣នាក់គិតត្រឹមថ្ងៃពុធ។

មួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា កីឡាករ Atal បានផ្សាយឡើងវិញនូវវីដេអូរយៈពេល៣៥វិនាទីដោយគ្រូអធិប្បាយជនជាតិប៉ាឡេស្ទីនដែលបានអំពាវនាវដល់ព្រះឱ្យបញ្ជូនថ្ងៃខ្មៅលើជនជាតិយូដា ដែលកាសែតបារាំង Nice-Matin បានរាយការណ៍។ភ្លាមៗគាត់​បាន​សុំទោស​ចំពោះ​ការ​បង្ហោះ​ និង​បាន​លុបចោលការផ្សព្វផ្សាយនោះផងដែរ។

កីឡាករ Atal វ័យ២៧ឆ្នាំបាននិយាយនៅលើ Instagram នៅពេលនោះថា “ខ្ញុំដឹងថាការបង្ហោះរបស់ខ្ញុំធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ដែលមិនមែនជាចេតនារបស់ខ្ញុំ ហើយខ្ញុំសុំទោស”៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖