ខេត្តពោធិ៍សាត់ ៖ តាមសេចក្ដីរាយការណ៍នានាជុំវិញកន្លែងកើតហេតុបានឱ្យដឹងនាព្រឹកថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ នេះថា នៅវេលាម៉ោងប្រមាណជិត៦ព្រឹកមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍រថភ្លើងក្រឡាប់ ដាច់ទូកុងតឺន័រជាកំណាត់ៗ ប៉ុន្តែគេពុំទាន់ដឹងអំពីមូលហេតុនៅឡើយទេ ហើយក៏ពុំមានមនុស្សរងរបួសនោះដែរ ។
សេចក្ដីរាយការណ៍ឱ្យដឹងទៀតថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រទេះភ្លើងក្រឡាប់នេះ បានកើតឡើងនៅត្រង់ចំណុចជើងភ្នំក្បាលសៀម ស្ថិតនៅក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពរាយការណ៍ដដែលឱ្យដឹងទៀតថា មុនកើតហេតុគេឃើញរថភ្លើង១ខ្សែធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុស្រាប់តែដាច់បារុងជាកំណាត់ៗធ្លាក់កុងតឺន័រចេញស្រូវ និងអង្ករសម្រូបកំពប់រាយប៉ាយពេញដី ។
ប្រភពបញ្ជាក់បន្ថែមទៀតថា រថភ្លើង១ខ្សែដែលមានគ្រោះថ្នាក់ចរាចរណ៍ខាង់លើ ដឹកទូកុងតឺទ័រចំនួន២៣កុងតឺន័រ ហើយបានដាច់បារុងត្រឹមទូកុងតឺន័រទី១០ បណ្ដាលឱ្យទូកុងតឺន័រចំនួន៤ទូធ្លាក់ចេញពីរថភ្លើង និងខូចខាតគ្រាប់ធញ្ញជាតិ(ស្រូវ និងអង្ករសម្រូប)។ ប៉ុន្តែគេពុំទាន់ដឹងអំពីមូលហេតុអ្វីនៅឡើយទេ ប៉ុន្តែឃើញផ្លូវដូចស្រុតដែករ៉ៃ អាចនិយាយបានថាដឹកធ្ងន់ពេកក៏ថាបាន ៕
ដោយ៖ ប៉ឹម ពិន