ខេត្តកណ្តាល ៖ ក្រុមគ្រូតឿចំនួន៦នាក់ ដែលបានផលិតវីដេអូបរិភោគត្រីអណ្តែងឆៅ និងវីដេអូផ្សេងៗទៀតមិនសមរម្យ ហើយបង្ហោះលើគណនីហ្វេសប៊ុកឈ្មោះ Tran Ngoc Trang រងការរិះគន់ពីសាធារណជន និងសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការណ៍លើកក្រុមនោះ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យកម្លាំងជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលស្រាវជ្រាវករណីខាងលើជាបន្ទាន់ ។
បន្ទាប់មកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោ ៤រសៀល ធ្វើការស្រាវជ្រាវកោះហៅក្រុមនេះមកអប់រំ និងហាមជាដាច់ខាតមិនឲ្យផលិតវីដេអូបង្ហោះបរិភោគត្រីឆៅ និងវីដេអូផ្សេងៗដែលមិនសមរម្យទៀតឡើយ ។
ក្រោយពីទទួលបានការណែនាំពីសមត្ថកិច្ចនគរបាល ក្រុមសម្ដែងគ្រូតឿ បានបង្ហោះវីដេអូធ្វើការសុំទោសជាសាធារណៈចំពោះការសម្ដែងរបស់ក្រុមខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់មតិសាធារណជនមិនពេញចិត្ត និងសន្យាកែតម្រូវនិងឈប់ផលិតវីដេអូទាំងនោះទៀតហើយ ។
សូមបញ្ជាក់ថា , មួយរយៈនេះ មានអ្នកលេង facebook មួយចំនួន បង្កើតនៅសកម្មភាព ក៏ដូចជាយករូបភាពចាស់ៗ ក្នុងចេតនាបំពុលសង្គម និងធ្វើឲ្យសមត្ថកិច្ចឈឺក្បាល ។ ដូច្នេះសូមអ្នកលេងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បង្ហោះចំពោះរឿងណាដែលមានផលប្រយោជន៍ដល់សង្គម ការអប់រំ ព័ត៌មានពិត មិនត្រូវយកបញ្ហាគ្រួសារ ឬការលក់តាមអនឡាញ បង្កើតជាឈុតឆាក បំពុលសង្គមនោះឡើយ ៕
ដោយ ៖ សិលា