ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីករណីឃាត់ខ្លួន និងឃុំខ្លួនឈ្មោះ នី ណាក់

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧២៦៣ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដែលមានជនសង្ស័យឈ្មោះ នី ណាក់ ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ ។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នី ណាក់ និងបក្ខពួក ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ព្រមទាំងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៨៨ មាត្រា ៣០៥ មាត្រា ៤៩៤ មាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា ឈ្មោះ នី ណាក់ និងបក្ខពួក បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឈ្មោះ Iman-KH ដើម្បីបង្ហោះ និងចែកចាយនូវព័ត៌មានមិនពិតកាលពី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដែលមានខ្លឹមសារថា៖ “កាត់ដីឱ្យ លោក ហេង សួរ ប្រហែលជាទុកសង់រោងចក្រ ២,០០០ និងធ្វើការិយាល័យ ឱ្យមន្ត្រីក្រសួងការងារ ព្រោះឃើញគាត់ប្រាប់ថាធ្វើការរហូតគ្មានថ្ងៃសៅរ៍ ឬ អាទិត្យ ឡើយ” ។ ក្រោយពីបានឃើញខ្លឹមសារដែលបានបង្ហោះដោយហ្វេសប៊ុកឈ្មោះ Iman-KH អ្នកនាំពាក្យក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការបញ្ជាក់ និងស្នើសុំឱ្យស្ថាប័នសារព័ត៌មាន ដែលបានផ្សាយព័ត៌មាន មិនពិតធ្វើការកែតម្រូវឡើងវិញ ពីព្រោះបុគ្គលឈ្មោះ ហេង សួរ នោះ ពុំមែនជា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនោះទេ។ ទោះជាបានដឹងច្បាស់អំពីការបញ្ជាក់របស់អ្នកនាំពាក្យខាងលើក៏ដោយ ក៏បុគ្គលឈ្មោះ នី ណាក់ និងបក្ខពួក នៅតែបន្តធ្វើសកម្មភាពបង្ហោះ និងចែកចាយសំណេរដោយមានខ្លឹមសារថា៖ “តើលោក ហេង សួរ បានសាងស្នាដៃធំធេងអ្វីដល់ជាតិខ្មែរ បានជារដ្ឋាភិបាលកាត់ដីព្រៃផ្តល់ឱ្យធ្វើជាកម្មសិទ្ធិ? RIP ព្រៃឈើខ្មែរ”។ ការបង្ហោះខ្លឹមសារទាំងនេះ គឺជាការមូលបង្កាច់ការពិត ដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែការបង្ហោះព័ត៌មានមួលបង្កាច់ការពិតម្តងហើយម្តងទៀត ដោយមិនព្រមធ្វើការកែតម្រូវឡើងវិញនេះ គឺជាចេតនា ទុច្ចរិតក្នុងការធ្វើឱ្យមានការភាន់ច្រឡំ និងញុះញង់ឱ្យមានការរើសអើងចំពោះឯកឧត្តម ហេង អំពើនេះគឺជាបទល្មើស ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

សូមបញ្ជាក់ជូនសាធារណជនជ្រាបផងដែរថា ឈ្មោះ នី ណាក់ នេះ ធ្លាប់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ កំណត់រយៈពេល ១៨ខែ តាមអំណាចសាលក្រម ព្រហ្មទណ្ឌលេខ ២៥៦៤ “ណ” ចុះថ្ងៃទី១៨ សីហា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ ពីបទ៖ ញង់ញុះ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងធ្លាប់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ កំណត់រយៈពេល ១ឆ្នាំ តាមអំណាច សាលក្រមព្រហ្មទណ្ឌលេខ ២៧៨៨ “ណ” ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ពីបទ៖ ញុះញង់ឱ្យមានការរើសអើង ។

ក្រោយពីបានទទួលសំណុំរឿងនេះពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបន្ទាប់ពីការស្តាប់ចម្លើយ ជនត្រូវចោទ ព្រមទាំងការពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំ ខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ នី ណាក់ ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ ដើម្បីបន្តការស៊ើបសួរ តាមនីតិវិធី ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

ដោយ ៖ សិលា 


ចែករំលែក៖