ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូន​ប្រុស​ចរិតស្រី និងបក្ខពួកសរុប៥នាក់ ទៅតុលាការ ហើយ ពាក់ព័ន្ធករណីហិង្សាលើក្មេងស្រីសិស្សសាលា

ចែករំលែក៖

ភ្នំពេញ៖ ប្រុស​ចរិតស្រី រួមជាមួយបក្ខពួកសរុបចំនួន៥នាក់ ត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីរួមដៃគ្នាប្រើប្រាស់អំពើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់។

សូមជម្រាបថា ជនដៃដល់ ប្រុស​ចរិតស្រីនិងបក្ខពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនទាំងអស់នោះ មានទាំងអ្នកដៃដល់ អ្នកថតវីដេអូ និងអ្នកផ្សំគំនិតដើម្បីធ្វើសកម្មភាព។

កាលពីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤កន្លងទៅ មានផ្ទុះនូវការចែកចាយវីដេអូមួយនៅតាមបណ្ដាញសង្គម ដោយបង្ហាញអំពីសកម្មភាពក្មេងសិស្សសាលាមួយក្រុម (ប្រុស​ចរិតស្រីនិងស្រី) បានព្រួតវាយសិស្សស្រីម្នាក់ នៅដីវាលមួយកន្លែង តែគេសង្ស័យថា ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

តាមរយៈវីដេអូដែលត្រូវបានគេចែកចាយនោះ ឃើញថាបុគ្គលប្រុស​ចរិតស្រីនិងបក្ខពួក បានប្រើប្រាស់អំពើហិង្សាទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់ ខណៈដើមចមនៃរឿងរ៉ាវនេះមិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីនោះទេ។ តែត្រង់ចំណុចមួយនោះ បុគ្គលប្រុសចរិតស្រីបាននិយាយថា គេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនចាក់អង្រែ។គួរជម្រាបថា វីដេអូប្រហែល៣នាទី ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គមបង្ហាញពីទង្វើអសីលធម៌របស់យុវជន យុវតីមួយក្រុមនេះ ទាំងដែលពួកគេស្លៀកសម្លៀកបំពាក់ឯកសណ្ឋានសិស្សសាលា អាវស សំពត់ខៀវ បែរជានាំគ្នាប្រព្រឹត្តអំពើមិនគួរគប្បីទៅវិញ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖