ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបើករថយន្ត Prius មួយគ្រឿងបត់ឆ្លងផ្លូវក្នុងល្បឿនលឿនបានគេចពីម៉ូតូកង់បីជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរបាំងថ្មខ្ទាតចេញមួយកង់ ចំណែករថយន្តបង្កខ្ទេចមួយចំហៀងខាងមុខ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៤នៅត្រង់ចំណុចភ្លើងស្តុប ABA តាមបណ្ដោយផ្លូវលេខ២៨៩ កែងនឹងផ្លូវលេខ៥១៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រពភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបើករថយន្ត Prius មួយគ្រឿងពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2BD-5200 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១៦ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃមកផ្លូវ លេខ២៨៩ ក្នុងល្បឿនលឿននិងគេចម៉ូតូកង់បីមួយគ្រឿងក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យរបាំងថ្មខ្ទាតចេញពីជួរអស់មួយកង់ ចំណែករថយន្តបង្កខ្ទេចមួយចំហៀងខាងមុខខាងឆ្វេងរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ សុខាសែនជ័យ