ខេត្តកោះកុង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ មករា ២០២៤នេះ អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” និងជួបសំណេះសំណាលជាមួយ “បងប្អូនកម្មករ និយោជិតចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង” ។
នេះគឺជាលើកទី១១ និងជាជំនួបលើកដំបូងក្នុងឆ្នាំ២០២៤ ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករនិយោជិតតាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ បងប្អូនកម្មករ និយោជិត ចំនួន ១១ ០០០នាក់ មកពីបណ្តារោងចក្រ សហគ្រាស ចំនួន ៥ រួមមាន៖ ប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១ រោងចក្របង្គុំខ្សែភ្លើង ចំនួន ១ រោងចក្របរិក្ខារអេឡិចត្រូនិក ចំនួន ១ រោងចក្រប៉ាក់លើសម្លៀកបំពាក់ ចំនួន ១ និងរោងចក្រដំឡើងរថយន្ត និងបង្គុំខ្សែភ្លើង ចំនួន ១ ។
សូមជម្រាបជូនថា ស្ពានបេតុងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មានឈ្មោះថា «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉»។ ស្ពាននេះជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយ:អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងភរិយា។ ស្ពាននេះមានប្រវែង១២០ម៉ែត្រ ទទឹង១១ម៉ែត្រ ចំណាយថវិកាសាងសង់ ១,៣៨៧,០០០ដុល្លារ។
ស្ពាននេះសាងសង់ឡើងដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានធ្វើដំណើរ បន្ទាប់ពីស្ពានបេឡេ ដែលឆ្លងកាត់ព្រែកកោះយ៉មានសភាពចាស់ទ្រុឌទ្រោម។
គួរបញ្ជាក់ថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកសាង រោងចក្រ សហគ្រាស នៅទូទាំងរាជធានី ខេត្ត បានបង្កើតការងារ និងមុខរបរ ជូនប្រជាពលរដ្ឋឱ្យនៅកៀកនឹងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។ រោងចក្រ-សហគ្រាសជាច្រើន ត្រូវបានពង្រាយទៅតាមបណ្តាខេត្តផ្សេងៗទៀត ស្ទើរទូទាំងប្រទេស ដែលចំនួនសរុប បានកើនឡើងពីចំនួន ៦៤រោងចក្រ និងមានកម្មករនិយោជិត ត្រឹមប្រមាណ ៨ម៉ឺននាក់ នៅឆ្នាំ១៩៩៧ ដល់ចំនួន ៤០,៨៤០រោងចក្រ សហគ្រាស និងមានកម្មករ និយោជិតសរុបប្រមាណ ១,៧លាននាក់ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះ វិស័យវាយនភណ្ឌ, កាត់ដេរ, ផលិត ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប មានចំនួន ១,៦៨០ រោងចក្រ និងមានកម្មករ និយោជិតសរុបចំនួន ៩១៨,៧១៨នាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៩ពាន់លានដុល្លារ៕
ដោយ៖ តារា