ខេត្តកំពង់ចាម៖ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧ មករា ក្រោមវត្តមានចូលរួមពីមន្រ្តីរាជការ កងកម្លាំង សិស្សានុសិស្ស ប្រជាពលរដ្ឋចូលរួមជាង៦០០នាក់ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ។
លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម បានស្វាគមន៍និងបានលើកឡើងពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចមហាធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។
ថ្លែងក្នុងនាមលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដោយពាំនាំការផ្តាំផ្ញើសួរសុខទុក្ខដល់អ្នកកំពង់ចាម ពិសេសអ្នកស្រុកកំពង់សៀម ដែលបានរួមគ្នាកសាងមូលដ្ឋានបានរីកចម្រើនលើគ្រប់វិស័យក្រោមម្លប់សន្តិភាពដែលជាផ្លែផ្កានៃនយោបាយឈ្នះ ឈ្នះ ដឹកនាំដោយសម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបន្តថា ថ្ងៃ៧ មករា ៤៥ឆ្នាំមុន គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដណ្តើមបានមកវិញនូវជិវិតប្រជាជនឱ្យ រួចផុតពីការធ្វើទារុណកម្ម កាប់សំលាប់ដ៏សាហាវយង់ឃ្នងបំផុត ប្រជាជនទទួលបានសិទ្ធិសេរីភាពគ្រប់យ៉ាង បេីកឡេីងវិញនូវទំព័រសករាជថ្មីគឺឯភរាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ក្រោមការតស៊ូ ពុះពារការលំបាករាប់ម៉ឺនសែនជំពួកក្នុងបុព្វហេតុការពារ ការស់ឡើងវិញរបស់ប្រជាជន និងកសាងជាតិឡើងវិញពីគំនរផេះផង់។
ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបន្តទៀតថាយើងប្រារព្ធខួបទី៤៥ ជាប្រវត្តិសាស្ត្រនេះឡើងក្នុងស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀត ណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងរាំងស្កាត់មិនឱ្យរបបនេះអាចត្រឡប់មកវិញបាន។
ជាមួយគ្នានេះដែរ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានអំពាវនាវដល់គ្រប់សមាសភាពទាំងអស់របស់ស្រុកកំពង់សៀមត្រូវចងចាំជានិច្ចនូវស្មារតីទិវាជ័យជម្នះ៧មករា គ្មានថ្ងៃ៧មករាឆ្នាំ១៩៧៩ គឺគ្មានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះឡើយ បន្តសាមគ្គីគ្នារួមចិត្តតែមួយដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យគង់វង្ស ថិតថេរមិនឱ្យអានុភាពណាមកបំផ្លាញបានឡើយ ទោះបីត្រូវបង់ដោយតម្លៃណាក្ដី និងគាំទ្រថ្ងៃទី២៩ ខែធ្នូរៀងរាល់ឆ្នាំជា«ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា និងជាថ្ងៃឈប់សម្រាកសាធារណៈ៕
ដោយ៖ តារា