ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ លទ្ធផលបោះឆ្នោតនាពេលកន្លងទៅ គឺបង្ហាញច្បាស់ពីការពេញចិត្ត និងគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេស

ចែករំលែក៖

ខេត្តកោះកុង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរអរគុណដល់ប្រជាពលរដ្ឋខេត្តកោះកុង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ពោលគឺក្នុងខេត្តកោះកុងទាំងមូលមានប្រជាពលរដ្ឋប្រមាណ ៨៣% បានចេញទៅបោះឆ្នោត ហើយក្នុងនោះ ៨៥,៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធស្ពាន និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១ម៉ឺននាក់ ក្នុងខេត្តកោះកុង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា លទ្ធផលបោះឆ្នោតគាំទ្រយ៉ាងសន្ធឹកសន្ធាប់នេះ គឺបង្ហាញពីការពេញចិត្តនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ព្រមទាំងបង្ហាញពីការទុកចិត្ត និងផ្តល់ឱកាសដល់គណបក្សប្រជាជនកម្ពុជា ឱ្យនៅបន្តដឹកនាំប្រទេស និងនៅបម្រើប្រជាពលរដ្ឋក្នុងខេត្តកោះកុងតទៅទៀត។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដោយសារតែកត្តាសន្តិភាពនេះ ហើយទើបធ្វើឲ្យមានការវិនិយោគ ការអភិវឌ្ឍន៍ទាញខេត្តដែលដាច់ស្រយាលមួយនេះទៅកាន់កៀកជាមួយនឹងខេត្តដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចបានលើកឡើងថា ៖ ដោយសារតែកត្តាសន្តិភាពនេះហើយទើបធ្វើឲ្យប្រជាជនមានសិទ្ធិសេរីភាពក្នុងនោះក្រុមសកម្មជនធម្មជាតិក៏មានសិទ្ធិនិងមានសេរីភាពក្នុងការមកលេងខេត្ត ហើយរិះគន់ទៅដល់រដ្ឋាភិបាលផងដែរ។

សម្ដេចថាពួកគេនឹងគ្មានឱកាសក្នុងការធ្វើសកម្មភាពបរិស្ថានរបស់ពួកគេនោះទេបើសិនជាខេត្តកោះកុងបន្តមានសង្គ្រាមនោះ។

ការលើកឡើងរបស់សម្ដេចធិបតីនៅពេលនេះ គឺមួយថ្ងៃបន្ទាប់ពីកម្ពុជាប្រារព្ធខួប ៤៥ឆ្នាំនៃ ទិវាជ័យជម្នះ ៧ មករា៕

ដោយ ៖ សិលា


ចែករំលែក៖