ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចាប់ពីឆ្នាំ ២០២៤ នេះទៅ រៀងរាល់ថ្ងៃទី ២៩ ខែធ្នូ យើងនឹងបានអបអរសាទរ «ទិវាសន្តិភាព» ទូទាំងប្រទេស

ចែករំលែក៖

ខេត្តកោះកុង ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ត្រូវរួមគ្នាធ្វើយ៉ាងណាជំរុញប្រទេសយើងឱ្យបានរីកចម្រើន និងអភិវឌ្ឍន៍អោយកាន់តែសម្បូរសប្បាយនិងរឹងមាំ ដោយធ្វើយ៉ាងណាឱ្យមានភាពជាម្ចាស់ការលើខ្លួនឯងលើគ្រប់វិស័យ ដោយកាត់បន្ថយ និងចៀសអោយផុតនូវអតីតកាលដ៏ជូរចត់ តាមរយៈការថែរក្សានូវសុខសន្តិភាព និងកុំឱ្យសង្រ្គាមត្រឡប់មកក្នុងទឹកដីរបស់យើងវិញឱ្យសោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ចាប់ពីឆ្នាំ ២០២៤ នេះទៅ នៅថ្ងៃទី ២៩ ខែធ្នូ យើងនឹងបានអបអរសាទរទូទាំងប្រទេសនូវទិវាសន្តិភាពរបស់កម្ពុជា សន្តិភាពរបស់យើងទាំងអស់គ្នា។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១១០០០នាក់ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង»  នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤  សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងថា ទិវានៃនយោបាយឈ្នះ-ឈ្នះ ដែលបញ្ចប់សង្រ្គាមនេះ គឺជាទិវាសន្តិភាពរបស់យើង។ ទិវានេះបង្កើតឡើងសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា និងកើតឡើងពីការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការឯកភាពគ្នា ឈប់វាយគ្នាតទៅទៀត និងរួមសាមគ្គីគ្នាកសាងប្រទេស។ 

សូមបញ្ជាក់ថា ៖ សន្តិភាពជារបាំងការពារសិទ្ធិរស់រានមានជីវិតនិងមានតម្លៃជាសកលសម្រាប់មនុស្សជាតិលើភពផែនដី ។ 

កន្លងទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទើបតែបានចេញអនុក្រឹត្យមួយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នេះ ដោយកំណត់យកថ្ងៃទី២៩ ធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា»  ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយ។

ទិវាសន្តិភាពនៅកម្ពុជាត្រូវបានកំណត់ឡើងដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រទេសនិងប្រជាពលរដ្ឋខ្មែរដែលស្នេហាសន្តិភាពនិងស្អប់ខ្ពើមសង្គ្រាម ក៏ដូចជាការរម្លឹកគុណូបការៈដល់បិតាស្ថាបនិកសន្តិភាព ព្រមទាំងឥស្សរជនស្នេហាជាតិទាំងឡាយដែលបានយកជីវិតទៅប្តូរដើម្បីសន្តិភាពនៅកម្ពុជា។ ទិវានេះក៏ដើម្បីជាការដាស់ស្មារតីប្រជាពលរដ្ឋពិសេសយុវជនជំនាន់ក្រោយឱ្យចេះស្រឡាញ់សន្តិភាព ការពារសន្តិភាពនិងស្អប់ខ្ពើមភ្លើងសង្គ្រាមហើយបញ្ចៀសកុំឱ្យប្រវត្តិសាស្ត្រច្រំដែល។

សន្តិភាពមិនមែនត្រឹមតែជាសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋខ្មែរនិងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ សន្តិភាពមានតម្លៃជាសកលពីព្រោះវាជាសេចក្តីត្រូវការរបស់មនុស្សជាតិនៅលើភពផែនដីទាំងមូល។ នៅលើលោកយើងនេះ គ្មាននរណាស្អប់ខ្ពើមសន្តិភាពហើយប្រាថ្នាចង់បានសង្គ្រាមនោះឡើយ។ ដូច្នេះ ការបង្កើតឱ្យមាន «ទិវាសន្តិភាពនៅកម្ពុជា» ពិតជាសមស្របហើយស័ក្តិសមនឹងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ក៏ដូចជាការគាំទ្រពីមនុស្សជាតិលើភពផែនដីទាំងមូលជាពិសេសពីបណ្តាប្រទេសដែលធ្លាប់ភ្លក់រសជាតិសង្គ្រាម។ 

កម្ពុជាដែលមានបទពិសោធន៍ជោគជាំក្នុងភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍ មានភ័ព្វសំណាងណាស់ដែលមានឥស្សរជនស្នេហាជាតិចេញមុខតតាំងប្រឆាំងផ្តួលរំលំរបបវាលពិឃាដដើម្បីដណ្តើមយកជីវិតខ្មែរដែលនៅសេសសល់ពីជ្រោះមរណៈ។ ក្រៅពីផ្តល់សិទ្ធិរស់រានមានជីវិតនិងសិទ្ធិផ្សេងទៀតគ្រប់បែបយ៉ាងជូនដល់ប្រជាពលរដ្ឋ ការស្វែងរកសន្តិភាព គឺជាបេសកកម្មដ៏លំបាកលំបិនមួយទៀតដែលត្រូវប្រថុយជីវិតជាថ្មីដើម្បីប្តូរ។ ទីបំផុត សន្តិភាពពេញលេញត្រូវបានរកឃើញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ដោយការលះបង់ធំធេងនិងស្នាដៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលជារូបមន្តខ្មែរសុទ្ធសាធ។ 

សន្តិភាពដែលជាសមិទ្ធផលមិនអាចកាត់ថ្លៃបានហើយដែលប្រជាពលរដ្ឋខ្មែរទទួលផលរាល់ថ្ងៃបាននឹងកំពុងចាក់ឫសកាន់តែជ្រៅនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាក្រោមការថែទាំនិងការពារយ៉ាងមុតមាំពីសំណាក់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ដោយហេតុថា សន្តិភាពមានតម្លៃជាសកល ដូច្នេះ អ្នកដែលប្រឆាំងនឹងសន្តិភាព មានន័យថា ជាអ្នកប្រឆាំងនឹងតម្លៃសកលរបស់មនុស្សជាតិ ពោលគឺ ប្រឆាំងនឹងសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានរបស់មនុស្សតែម្តង៕

ដោយ ៖ សិលា


ចែករំលែក៖