ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យជាក់ស្តែងលើខ្សែផ្លូវចំនួន ៣ខ្សែដែលរងការខូចខាត និងកំពុងជួសជុលបន្ទាន់ក្នុងស្រុករំដួល និងស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យជាក់ស្តែងលើខ្សែផ្លូវចំនួន ៣ខ្សែដែលរងការខូចខាត និងកំពុងជួសជុលបន្ទាន់ក្នុងស្រុករំដួល និងស្រុកចន្ទ្រា នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។

សកម្មភាពនេះមានចូលរួមពីប្រតិភូជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង លោក សំនីតូ ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ។

ខ្សែផ្លូវទីមួយ៖ មានប្រវែងសរុប១០.១គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ មានទីតាំងតភ្ជាប់ពី ផ្លូវជាតិលេខ១៣ ត្រង់ចំណុចភូមិតាណែង ឃុំសង្កែ ឆ្ពោះដល់ច្រកទ្វារទ្វេភាគីបុសមន ភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។

ខ្សែផ្លូវទីពីរ៖ ស្ថិតនៅក្នុងឃុំចន្ទ្រា ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលមានប្រវែង ២៧គីឡូម៉ែត្រ។

លោករដ្ឋមន្ត្រីបានឱ្យមន្ត្រីជំនាញរបស់ក្រសួងធ្វើយ៉ាងណាត្រួតពិនិត្យបច្ចេកទេសក្នុងការជួសជុលឲ្យបានត្រឹមត្រូវ ដើម្បីធានាគុណភាពក្នុងការប្រើប្រាស់ និងពន្លឿនការជួសជុលឲ្យបានឆាប់ ដើម្បីជាការសម្រួលដល់ការដឹកជញ្ជូន ការធ្វើដំណើរ ក៏ដូចជាការប្រកបរបរផ្សេងៗរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។

លោក ឆាយ ឫទ្ធិសែន បានបន្តទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែប្រវែង៩.៣គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំចន្ទ្រា ស្រុកចន្រ្ទា ខេត្តស្វាយរៀង ឆ្ពោះទៅកាន់ភូមិអភិវឌ្ឍន៍នៃទីតាំងសម្បទានសង្គមកិច្ចយោធានៅជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលត្រូវស្ថាបនាក្នុងពេលដ៏ខ្លីខាងមុខនេះ។ 

ផ្លូវមួយខ្សែនេះក៏ជាសមិទ្ធផលថ្មី ដើម្បីជាកាឆ្លើយតមទៅ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖