ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអបអរសាទរចំពោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅសម័យប្រឡងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ដែលមានចំនួន ៩៨០០០នាក់ ស្មើនឹង ៧២,៨៩% នៃបេក្ខជនសរុប។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការណ៍នេះបានបង្ហាញពីវឌ្ឍនភាព និងចីរភាពនៃកំណែទម្រង់ការប្រឡងសញ្ញាបត្រទុតិយភូមិ ដែលឈរលើគោលការណ៍ «អ្នកចេះគឺជាប់»។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលមិនបានប្រឡងជាប់ ដោយសម្ដេចបានណែនាំកុំឱ្យបោះបង់ចោលកិច្ចខិតខំប្រឹងប្រែង ហើយបន្តដំណើរទៅមុខទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធី «សំណេះសំណាលជាមួយសិស្សនិទ្ទេសA ចំនួន ១៦៩១ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ» នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាមរយៈការធ្វើកំណែទម្រង់ និងកម្រិតសិក្សា នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលកន្លងមក ក៏ដូចជានាពេលនេះ របស់ក្រសួងអប់រំ គឺបានធ្វើឲ្យបេក្ខជនប្រឡងមានមោទកភាពយ៉ាងច្រើន ខណៈអ្នកធ្លាក់គឺធ្លាក់ដោយអស់ចិត្តផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការកសាងមូលធនមនុស្សគឺជាកត្តាចម្បង និងចាំបាច់បំផុត ខណៈមូលធនមនុស្សនេះ គឺជាមុំទី១ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ទស្សនៈ វប្បធម៌ និងមូលដ្ឋាននៃភាពជោគជ័យ ការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ គឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ការយកមកអនុវត្តនៅក្នុងសង្គម ពីព្រោះការប្រឡងនោះបានដំណើរការទៅដោយតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគុណាធិបតេយ្យ ដែលស្ថាប័នផ្សេងៗគួរយកធ្វើជាគំរូ ៕
ដោយ ៖ សិលា