ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈបណ្ដាញសង្គម Tiktok នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា សម្ដេចកំពុងធ្វើដំណើរតាមយន្តហោះទៅពិនិត្យកែវភ្នែកសិប្បនិម្មិត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលអមដំណើរដោយកូន ៤នាក់ និងចៅម្នាក់ (ចៅយ៉ាយ៉ា)។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរម្លឹក អំពី ការធ្លាក់ខ្លួនពិការភ្នែកដោយសារសង្គ្រាមកាលពី៤៥ឆ្នាំមុនដើម្បីបុព្វហេតុរំដោះជាតិ និងមាតុភូមិ។
សម្ដេចតេជោ ធ្លាប់បានសរសេរថា ៖ ថ្ងៃ ១៦ មេសា ឆ្នាំ១៩៧៥ បានធ្លាក់ខ្លួនពិការរ។ តាំងពីពេលនោះមក ខ្ញុំមិនដែលនិយាយ និងមិន មានសិទ្ធិនិយាយពាក្យ (រក្សាការពារដូចការពារប្រស្រីភ្នែក)ទៀតទេ ព្រោះខ្ញុំខ្លួនឯង បានបាត់បង់ ប្រស្រីភ្នែកឆ្វេងរួចទៅហើយ។” សម្ដេចតេជោបានគូសបញ្ជាក់ថា ៖ ពិតជាឈឺខ្លាំងណាស់នៅពេលដែលសម្ដេចត្រូវរបួស និងគ្រូពេទ្យបានវះ យកកែវភ្នែករបស់សម្ដេចចេញ។
សម្ដេចតេជោបាន បន្ដថា នេះហើយជារសជាតិនៃយុវជនក្នុងសម័យសង្គ្រាម ខ្លះពលីជីវិត ខ្លះដាច់ ដៃដាច់ជើង និងខ្លះពិការភ្នែក។ល។ សុំជួយការពារសន្តិភាព ដែលយើងរកបានដោយ លំបាក នឹងកុំឱ្យ សង្រ្គាមកើតឡើងវិញលើទឹកដីដ៏កំសត់មួយនេះជាថ្មីម្តងទៀត។ សម្ដេចតេជោ បានលើកឡើងទៀតថា លាហើយសង្គ្រាមនិងស្វាគមន៍ការអភិវឌ្ឍ៕
ដោយ ៖ ស តារា