ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុវជនសម័យនេះ មានឱកាសច្រើនណាស់ក្នុងការសិក្សានៅថ្នាក់ឧត្តមសិក្សា

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ យុវជនសម័យនេះ មានភ័ព្វសំណាងជាងយុវជនសម័យមុន ពោលគឺយុវជនសម័យនេះ មានឱកាសច្រើនណាស់ក្នុងការសិក្សានៅថ្នាក់ឧត្តមសិក្សាព្រោះពេលនេះមានសាកលវិទ្យាល័យច្រើននៅក្នុងប្រទេសរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ យុវជននៅសម័យសម្តេច មានឱកាសតិចតួចក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ព្រោះមិនសូវមានសាកលវិទ្យាល័យច្រើននោះទេ ដូច្នេះ បន្ទាប់ពីប្រឡងបាក់ឌុបហើយត្រូវប្រឡងយកកៅអីត្រៀមមួយឆ្នាំដើម្បីមានឱកាសបានបន្តការសិក្សានៅសាកលវិទ្យាល័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅសម័យនេះ បើទោះបីជាយើងមិនប្រឡងជាប់បាក់ឌុប ក៏យើងនៅមានឱកាសសិក្សាថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ សិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ ឬក៏អាចរៀនមួយឆ្នាំទៀតដើម្បីប្រឡងយកសញ្ញាបត្របាក់ឌុបបានដែរ ។ 

សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ការប្រឡងសញ្ញាបត្រទុតិយភូមិរបស់ ក្មួយៗ នាពេលនេះ គឺជាសញ្ញាបង្ហាញថា វិស័យអប់រំនៅកម្ពុជា កាន់តែរីកចម្រើន ហើយការរីក ចម្រើននេះគឺប្រៀប បានដូចជាគ្រាប់ពេជ្រ សម្រាប់កសាងផលប្រយោជន៍ដល់ ក្រុមគ្រួសាររបស់ខ្លួនផង និងសង្គមជាតិផងដែរ។

យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងផងដែរថា ខណៈក្មួយៗបានប្រឡង ជាប់រហូតដល់ទទួលបានលទ្ធផលល្អនាពេលនេះ គឺកើតចេញពីការលះបង់យ៉ាងធំធេងពីឱពុកម្តាយ និងអាណាព្យាបាលរបស់ក្មួយៗ ដូច្នេះក្មួយៗទាំងអស់គប្បីខិតខំបន្តទៀតសម្រាប់ តបស្នងសងគុណ ដល់ពួកគាត់ ដែលជាអាណាព្យាលបាលរបស់ពួកយើងទាំងអស់គ្នា ៕

ដោយ ៖ សិលា


ចែករំលែក៖