ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះចម្បាំងអង់គ្លេសហោះ ចម្ងាយ 2.600 គីឡូម៉ែត្រដើម្បីទម្លាក់គ្រាប់បែកលើក្រុមហ៊ូធី

ចែករំលែក៖

អង់គ្លេសបានប្រើប្រាស់យន្តហោះចម្បាំង Typhoon ចំនួន 4 គ្រឿង ដើម្បីហោះចេញពីមូលដ្ឋានមួយនៅសមុទ្រមេឌីទែរ៉ាណេ ដែលមានចម្ងាយជាង 2.600គីឡូម៉ែត្រពីគោលដៅក្នុងប្រទេសយេម៉ែន។ សហរដ្ឋអាមេរិកក៏បានចល័តនាវាចម្បាំង យន្តហោះចម្បាំង ជាពិសេសនាវាមុជទឹកនុយក្លេអ៊ែរ USS Florida ដើម្បីវាយប្រហារកងកម្លាំង Houthi ក្នុងប្រទេសយេម៉ែនផងដែរ។
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានឱ្យដឹងថា សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានបើកការវាយប្រហារតាមផ្លូវអាកាសនៅក្នុងប្រទេសយេម៉ែន ដោយកំណត់គោលដៅមូលដ្ឋានរ៉ាដា មីស៊ីល និងយន្ដហោះដ្រូនរបស់ក្រុមហ៊ូធី ដើម្បីកាត់បន្ថយសមត្ថភាពវាយប្រហាររបស់ពួកគេលើកប៉ាល់ដឹកទំនិញអន្តរជាតិ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Lloyd Austin បានគូសបញ្ជាក់ដូច្នេះថា «ការវាយប្រហារតាមផ្លូវអាកាសនៅថ្ងៃនេះ (ព្រហស្បតិ៍) គឺមាន គោលដៅលើមូលដ្ឋានយន្ដហោះដ្រូន មីស៊ីលបាលិស្ទីគ និងមីស៊ីលគ្រូស ព្រមទាំងប្រព័ន្ធរ៉ាដារបស់ក្រុមហ៊ូធី»។ លោក Austin បន្ថែមថាអូស្ត្រាលី បារ៉ែន កាណាដា និងហុល្លង់ ក៏បានផ្ដល់ការគាំទ្រនៅក្នុងការវាយប្រហារនេះដែរ ដែលជាការបញ្ជូនសារមួយយ៉ាងច្បាស់ទៅកាន់ក្រុមហ៊ូធីថា ពួកគេអាចនឹងរងការវាយប្រហារបន្ថែមទៀត ប្រសិនបើមិនបញ្ឈប់ការវាយប្រហារដោយខុសច្បាប់របស់ខ្លួនទេនោះ។
ក្រុមហ៊ូធី ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែកបានបង្កើនការវាយប្រហារលើកប៉ាល់ដឹកទំនិញនៅក្នុងតំបន់សមុទ្រក្រហម ដោយប្រើយន្ដហោះដ្រូននិងមីស៊ីល ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែលនឹងក្រុមហាម៉ាស់ ផ្ទុះឡើងក្រោយហាម៉ាសវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក៕ ដោយ៖ ធីរីណា

រូប​ថត​៖ UK MOD


ចែករំលែក៖