ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១២ មករានេះ រកឃើញយានយន្តល្មើសចំនួន ៥៩២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៩៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៨៦៣គ្រឿង, រថយន្តធំ ២៧គ្រឿង, រថយន្តតូច ២២២គ្រឿង និងម៉ូតូ ៦១៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥៩២គ្រឿង រថយន្តធំ ០៧គ្រឿង រថយន្តតូច ៩៦គ្រឿង និងម៉ូតូចំនួន ៤៨៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១២ថ្ងៃ ពីថ្ងៃទី១-១២ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៨,២១៥គ្រឿង រថយន្តធំ ១៣១គ្រឿង រថយន្តតូច ១,៤៩១គ្រឿង ម៉ូតូ ៦,៥៩៣គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,៧៣៦គ្រឿង, រថយន្តធំ ៤២គ្រឿង, រថយន្តតូច ៧៤៩គ្រឿង និងម៉ូតូ ៤,៩៤៥គ្រឿង (៤,៩៤៥ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ តារា