ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរពិធីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤»

ចែករំលែក៖

ភ្នំពេញ​៖​ សារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរពិធីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ។ 

ជាក់ស្ដែង​នៅក្នុង​សារលិខិត​របស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នៅរសៀល​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានបញ្ជាក់ថា​ ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយជាអនេកក្នុងការចូលរួមអបអរសាទរ ការប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤»។ ខ្ញុំក៏សូមស្វាគមន៍យ៉ាងកក់ក្តៅ ផងដែរចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រី ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងគណៈប្រតិភូ ព្រមទាំងភ្ញៀវទេសចរចិន ទាំងអស់ មកកាន់ដែនដីសុវណ្ណភូមិ នៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតឱកាសនេះ ខ្ញុំសូមអបអរសាទរចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់មិត្តចិននាឆ្នាំ២០២៣ កន្លងមក ក្រោមកិច្ចប្រឹងប្រែងប្រកបដោយការគិតគូរវែងឆ្ងាយ និងមិនចេះនឿយហត់របស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដែលបានធ្វើឱ្យមានទំនុកចិត្តពេញទំហឹងពីប្រជាជនចិន ក្នុងដំណើរការជំរុញប្រទេសចិនឱ្យ បោះជំហានទៅមុខរយៈពេលដ៏យូរអង្វែងទៅអនាគត ជាពិសេសកសាងប្រទេសចិនឱ្យក្លាយជាប្រទេសសង្គម និយមទំនើបដែលមានការរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយវិបុលភាព រឹងមាំ មានវប្បធម៌ឈានមុខ មាន ភាពសុខដុម និងបវររុងរឿង។

ជាការពិត ទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំងពីរ បានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅ ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ មិនតិចជាងពីរសហស្សវត្សរ៍នោះទេ គិតចាប់ពីដំណើរទស្សនកិច្ចរបស់រាជទូតចិន មកកម្ពុជាលើកដំបូងក្នុងសម័យហ្វូណន។ ក្រោយមក ក្នុងសម័យទំនើបនេះ ក្រោមការដឹកនាំរបស់ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង លោកប្រធាន ម៉ៅ សេទុង ប្រទេសយើងទាំងពីរ កម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ រៀងរហូតមក។ ក្នុង ស្មារតីបន្តមរតកនៃទំនាក់ទំនងដ៏ស្អិតរមួតនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ កម្ពុជា បានខិតខំបន្តពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយថ្នាក់ដឹកនាំចិន ជាបន្តបន្ទាប់ រហូតបានលើកកម្ពស់ទំនាក់ទំនងនេះទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ចាប់ តាំងពីឆ្នាំ២០១០មក។

ក្នុងន័យនេះ ក្នុងនាមខ្ញុំជាអ្នកដឹកនាំជំនាន់ក្រោយ ដែលបន្តវេនដឹកនាំនាវាកម្ពុជានាពេលបច្ចុប្បន្ន ខ្ញុំសូម បន្តគាំទ្រយ៉ាងពេញទំហឹងដោយឥតរារែកនូវគំនិតផ្តួចផ្តើមស្តីពី «យុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ» សម្រាប់ កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋាភិបាលចិន។ បន្ថែមពីលើនេះ ក្នុងនាមជាដៃគូនៃកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ កម្ពុជា និងចិនបន្តមានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធ ហើយកំពុងរីកចម្រើនលើវិស័យនានាជាច្រើន។ ការប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតរមួត និងការ ផ្លាស់ប្តូរទស្សនកិច្ចដ៏មមាញឹកគ្រប់ជាន់ថ្នាក់ក្នុងបណ្តាឆ្នាំថ្មីៗនេះ ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំ ជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសចិន រដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយខ្ញុំបានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន។ ជាលទ្ធផល ភាគីទាំងពីរបានប្រកាសបង្ហាញជំហរដូចគ្នាយ៉ាងម៉ឺងម៉ាត់ ក្នុងការបន្តរក្សាចំណងទំនាក់ទំនងដែកថែប និងការពារគ្នាទៅវិញទៅមក។

ក្នុងបរិការណ៍នេះ ការរៀបចំ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ព្រមជាមួយដំណើរទស្សនកិច្ចរបស់ ឯកឧត្តម លី ស៊ូឡី និងគណៈប្រតិភូ មកកាន់កម្ពុជានាពេលនេះ នឹងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងទំនាក់ទំនងជាអ្នកជិតខាងល្អ និងពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការ«ខ្សែក្រវាត់ និងផ្លូវ» ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងទេសចរណ៍រវាងប្រជាជាតិទាំងពីរ ក្នុងនាមជាអារ្យប្រទេសដែលមានវប្បធម៌ដ៏ចំណាស់យូរលង់ និងឧត្តុង្គឧត្ដម និងជាមិត្តល្អចេះជួយគ្នាទៅវិញទៅមកគ្រប់ពេលវេលា និងកាលៈទេសៈទាំងអស់។

ទន្ទឹមនឹងនេះ ខ្ញុំមានសុទិដ្ឋិនិយមថា ការរៀបចំ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ដែលស្របទៅនឹងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន អាស៊ាន-ចិន ផងដែរនោះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីបន្ថែមទៀត ក្នុងការស្រូបទាញនូវកំណើនភ្ញៀវទេសចរ និង វិនិយោគិនចិនមកទស្សនា និងបណ្តាក់ទុនធុរកិច្ចនៅកម្ពុជាកាន់តែច្រើនថែមទៀត ហើយចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ និងប្រជាជនយើងទាំងពីរ កម្ពុជា-ចិន ឱ្យ កាន់តែរឹងមាំ រីកចម្រើន ស្ថិតស្ថេរជាអមតៈ។ ជាពិសេស នឹងជួយលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការ ផ្លាស់ប្តូរក្នុងចំណោមយុវជន និងថ្នាក់ដឹកនាំជំនាន់ក្រោយនៃប្រទេសទាំងពីរ ព្រមទាំងសម្រេចឱ្យបាននូវការ កសាងសហគមន៍ជោគវាសនារួមគ្នារវាងកម្ពុជា-ចិនផងដែរ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនជនរួមជាតិទាំងអស់ វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមឱ្យបានផុសផុល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យការរៀបចំព្រឹត្តិការណ៍ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» ពេញមួយឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងទទួលបានលទ្ធផលជាទីគាប់ប្រសើរ។

ជាថ្មីម្តងទៀត ខ្ញុំមានជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម លី ស៊ូឡី នាពេលនេះ នឹងពង្រឹងបន្ថែមនូវមូលដ្ឋានទំនាក់ទំនងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែ រឹងមាំ និងជិតស្និទ្ធ ពិសេសគឺការស្វែងយល់រវាងគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅលើភាពសម្បូរបែបនៃសម្បត្តិ វប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ជាទីបញ្ចប់ ខ្ញុំសូមគោរពជូនពរឱ្យការប្រារព្ធពិធីបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នេះ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់ និងសូមជូនពរបងប្អូនជនរួមជាតិទាំងអស់ ជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ​៖ តារា​


ចែករំលែក៖