ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីបិទកិច្ច ប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានកសិកម្ម

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះលោករដ្ឋមន្ត្រី បានសម្តែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ មានភាពម្ចាស់ការ និងសម្រេចបានលទ្ធផលល្អក្នុង១ឆ្នាំ២០២៣ កន្លងមកនេះ។ ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលនយោបាយរបស់ក្រសួង ដែលចាំបាច់ត្រូវធានាសន្តិសុខស្បៀង និងរក្សានិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។ 

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមអំពីកម្មវិធីគោលនយោ បាយអាទិភាពទី៥ និងទី៦ ដែលជាត្រីវិស័យក្នុងជំរុញគោលនយោបាយកសិកម្មឈានទៅរកភាពជោគជ័យ ធានាបាននូវស្ថិរភាពការផ្គត់ផ្គង់និងតម្លៃ តាមរយៈជំរុញសហគមន៍កសិកម្មទំនើបដែលបម្រើឱ្យវិស័យកសិកម្មទាំងមូល ព្រមទាំងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំឱ្យចំទិសដៅ និងដល់មូលដ្ឋាន ដើម្បីជួយដល់កសិករទាំងបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ 

បើតាមលោករដ្ឋមន្ត្រី គ្រប់អនុវិស័យទាំងអស់ត្រូវយក ចិត្តទុកដាក់ សហការ ធ្វើការជាមួយគ្នាឱ្យបានល្អ ត្រូវមានការសិក្សានិងវាយតម្លៃច្បាស់លាស់ទាំងទិដ្ឋភាពបច្ចេកទេស ច្បាប់ និងនយោបាយ។ លើសពីនេះទៀត ត្រូវមានផែនការជាក់លាក់ ស្របតាមគោលនយោបាយ ហើយត្រូវពិនិត្យតាមដានស្ថានភាពកសិកម្មជាទៀង ទាត់ រៀបចំយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើមផលិត សំដៅផ្តល់ផលចំណេញដល់កសិករ និងមិនបង្កើតបញ្ហា ឬផលប៉ះពាល់ផ្សេងៗដល់សន្តិសុខស្បៀងទាំងក្នុងស្រុក និងការនាំចេញកសិផល ព្រមទាំងផលិតផលកសិកម្ម៕

ដោយ៖ សូរិយា


ចែករំលែក៖