ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន នារីសោភ័គ អនុញ្ញាតឲ្យ​គណៈ​ប្រតិភូយុវជន​កាក​បាទ​ក្រហម​សាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន ចូល​ជួប​សម្តែងការ​គួរសមនិង​ផ្លាស់​ប្តូរ​បទពិសោធន៍

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤លោកស្រីម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍​ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ជាលើកទី២ របស់​គណៈ​ប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន ចំនួន ៤៥រូប ដឹកនាំដោយលោកស្រី LEE MINSEON ជាប្រធានប្រតិភូ ដែលជំនួបនេះប្រព្រឹត្តទៅនៅទីស្នាក់ការ​កណ្តាល​កាកបាទ​ក្រហមកម្ពុជា។ 

ជាកិច្ចចាប់ផ្តើម លោកស្រីអគ្គលេខាធិការស្តីទី បានសម្តែងនូវក្តី​សោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​ដំណើរទស្សន​កិច្ចផ្លាស់ប្តូរបទពិសោធន៍រយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៤ របស់គណៈប្រតិភូយុវជនកាកបាទ​ក្រហមសា​ធារ​ណរដ្ឋកូរ៉េ សាខាអ៊ូសាន ជាមួយកាកបាទក្រហមកម្ពុជា។

លោកស្រីអគ្គលេខាធិការស្តីទី បានធ្វើបទបង្ហាញស្តីពី ប្រវត្តិរបស់កាកបាទក្រហមកម្ពុជា ដែលបានចាប់ បដិសន្ធិនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយសចាប់តាំងពីឆ្នាំ១៩៩៤ រៀងដរាបមក និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានជាប់ឆ្នោតជាប្រធានកាកបាទក្រហមកម្ពុជា ដោយមហាសន្និបាត ចាប់តាំងពីអាណត្តិទី២ ឆ្នាំ១៩៩៨​ រហូតដល់អាណត្តិទី៧ នាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ លោកស្រី បានជម្រាបជូនពីសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា ទៅតាមយុទ្ធសាស្ត្រ ២០២១-២០៣០ ដែលធ្វើប្រតិបត្តិការទៅតាមវិស័យអាទិភាពចំនួន៤រួមមាន៖ ១-ការគ្រប់គ្រងគ្រោះមហន្ត រាយ វិបត្តិភ័យនិងការប្រែប្រួលអាកាសធាតុ២-សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣- ការលើក កម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និងវប្បធម៌អហិង្សា និង៤-ការអភិវឌ្ឍស្ថាប័ន។ 

លោកស្រីអគ្គលេខាធិការស្តីទី ក៏បានគូសបញ្ជាក់ពី សកម្មភាពការងាររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឋានៈជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេនរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលទទួលគោរមងារនេះទទួលបានពីអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ហើយ៣ឆ្នាំបន្ទាប់ បានទទួលពានរង្វាន់វេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍និងការអភិវឌ្ឍនៅកម្ពុជា នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០០៩ និងគោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែន​ការ​សកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខ​ភាព​ស្ត្រី និងកុមារ បានទទួលនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១១។ 

បន្ថែមពីនេះ លោកស្រីបានរំលេចពីសកម្មភាពសំខាន់ៗថ្មីៗនេះ ដែលកាកបាទ​ក្រហមកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ (ជុំទី៣) នៃកិច្ចប្រជុំថ្នាក់ដឹកនាំ​លើកទី​២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និង​អឌ្ឍចន្ទក្រហម ភូមិភាពអាស៊ីអាគ្នេយ៍ ក៏ដូចជាសកម្មភាព​ក្នុងការចូល​រួមលើកកម្ពស់បរិស្ថាន ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈ ការចូលរួមដាំដើមឈើ និងយុទ្ធនាការកាត់បន្ថយការ​ប្រើប្រាស់ថង់​ប្លាស្ទិក​ជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរ តំណាងយុវជន និងអ្នកស្ម័គ្រ ចិត្តកាកបាទ​ក្រហមកម្ពុជា ២រូប បានធ្វើបទបង្ហាញស្តីពី បណ្តាញយុវជន និង​អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅតាមសាខាទាំង២៥​រាជ​ធានីខេត្តនិងការចូល រួមរបស់យុវជនកាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ តំបន់ និងភូមិភាគ ជា ពិសេសបានគូសបញ្ជាក់ពីសេចក្តីសម្រេចចិត្ត និងសំណូមពរ​របស់យុវជនក្នុងសេចក្តីថ្លែងការណ៍វេទិកាយុវជនលើកទី ១ និង​លើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ជូនដល់គណៈប្រតិភូយុវជនកាកបាទ​ក្រហម​សាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន បានជ្រាបផងដែរ។

លោកស្រី LEE MINSEON ប្រធានប្រតិភូយុវជនកាកបាទក្រហម​សាធារណ​រដ្ឋកូរ៉េ សាខាអ៊ូសាន បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅចំពោះ​ការធ្វើបទបង្ហាញរបស់កាកបាទក្រហមកម្ពុជា ដែលឆ្លុះ​បញ្ចាំង​ពីសកម្មភាពមនុស្សធម៌ មានលក្ខណៈ​ស្រដៀងគ្នាទៅនឹងការងារ​របស់កាកបាទក្រហមសាធារណរដ្ឋកូរ៉េផងដែរ។

លោកស្រី បានថ្លែងអំណរគុណចំពោះក្រុមការងារកាក បាទក្រហមកម្ពុជាដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅក្នុងកំឡុងពេលស្នាក់នៅព្រះរាជា​ណាចក្រកម្ពុជា ក៏ដូចជាការសម្របសម្រួល​នានាក្នុងដំណើរ​ទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍នេះ។ ជាមួយគ្នានេះ លោកស្រី បានគូសបញ្ជាក់ថា កាកបាទក្រហមសាធារណរដ្ឋកូរ៉េ និងកាកបាទក្រហមកម្ពុជា តែងតែមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយគ្នានាពេលកន្លងមក ហេតុ ដូច្នេះហើយ ការផ្លាស់ប្តូរបទពិសោធន៍ជាលើកទី២នេះ នឹងធ្វើឱ្យសមាគមជាតិទាំងពីរកាន់តែមានភាពជិតស្និទ្ធ សាមគ្គីភាព និងមិត្តភាពយូរអង្វែងតទៅ៕

ដោយ៖ សូរិយា


ចែករំលែក៖