ភ្នំពេញ ៖ ជាក់ស្តែងមានអ៊ុំប្រុសម្នាក់អាយុ ៤៨ឆ្នាំ មកពីខេត្តតាកែវ បានចូលមកមន្ទីរពេទ្យកាល់ម៉ែត ដោយមានអាការៈឈឺចុកឆ្អល់នៅចុងដង្ហើម និងក្អួតជាច្រើនដង ដែលអាការៈនេះមានប្រហែលជិតមួយខែហើយ គឺបន្ទាប់ពីគាត់បានពិសា ផ្លែម៉ាក់ប្រាង ដោយមិនបានយកគ្រាប់ចេញ។
តាមរយៈការសាកសួរ អ្នកជំងឺផ្ទាល់ គឺគាត់បានពិសាផ្លែម៉ាក់ប្រាងជាច្រើនគ្រាប់ដោយពុំបានយកគ្រាប់ចេញទេ។ ប្រហែលជា ៤ ទៅ ៥ថ្ងៃបន្ទាប់ពីការហូប គាត់ក៏មានអាការៈឆ្អល់នៅចុងដង្ហើម និង ក្អួតជាបន្តបន្ទាប់។ ដោយការធ្វើទុក្ខបែបនេះពីមួយថ្ងៃទៅមួយថ្ងៃ ពុំមានការធូរស្រាល បើទោះបី គាត់បានពិសាថ្នាំពេទ្យមួយចំនួនក៏ដោយ គាត់ក៏សម្រេចមកមន្ទីរពេទ្យកាល់ម៉ែត។
ក្រោយពីការសាកសួរពីគ្រូពេទ្យជំនាញយ៉ាងម៉ត់ចត់រួច គ្រូពេទ្យក៏បានស្នើរសុំធ្វើ អេកូពោះ និងស្កេនពោះ។ ជាលទ្ធផល យើងឃើញមានគ្រាប់ម៉ាក់ប្រាងមួយគ្រាប់ ជាប់នៅនឹងគល់ពោះវៀនតូច (Bulbe) ដែលជាមូលហេតុនាំឲ្យគ្រាប់ជាច្រើនផ្សេងទៀត ចាល់នៅពេញក្រពះ។
ក្រោយពីបានពិភាក្សាគ្នាយ៉ាងម៉ត់ចត់រវាង គ្រូពេទ្យឯកទេស ថ្លើម ក្រពះ ពោះវៀន និងគ្រូពេទ្យឯកទេស ថ្នាំសណ្តំ រួចមក យើងក៏សម្រេចចិត្ត ធ្វើការឆ្លុះក្រពះ ទាំងយប់ ដើម្បីចាប់គ្រាប់ទាំងនោះចេញ។ ក្រុមគ្រូពេទ្យបានព្យាយាមចាប់គ្រាប់ម៉ាក់ប្រាងទាំងនោះចេញម្តងមួយៗ បានដោយជោគជ័យ ដែលមានចំនួនសរុប ៧៣ គ្រាប់ ក្នុងរយៈពេលជិត ៣ ម៉ោង។
– ផលវិបាកធ្ងន់ធ្ងរ (ករណីមិនបានព្យាបាលទាន់ពេលវេលា) ៖
១- គ្រាប់ដែលកកស្ទះយូរក្នុងពោះវៀនធំ ដែលនៅលាយឡំនឹងលាមកក្ដៀនបង្កឲ្យពោះវៀនបាត់បង់សមត្ថភាពរុញកាកសំណល់ចេញមកក្រៅ ធ្វើឲ្យអ្នកជំងឺមិនអាចជុះលាមកច្រើនថ្ងៃ រហូតដល់តឹងពោះខ្លាំង ហូបមិនបាន និងមានការក្អួតខ្លាំងក្រោយហូបអាហារ។
២- គ្រាប់ដែលកកស្ទះយូរក្នុងពោះវៀន បានកកិតនឹងភ្នាសពោះវៀនដែលកំពុងរលាក គឺអាចបង្កឲ្យមានការចាក់មុតធ្លុះដាច់ធ្លាយពោះវៀនសាយភាយលាមកនិងមេរោគ បណ្ដាលឲ្យរលាកស្រោមពោះធ្ងន់ធ្ងរ (Péritonite) ដែលពេលខ្លះការមកដល់មន្ទីរពេទ្យយឺតយាវរបស់អ្នកជំងឺ ធ្វើឲ្យមានការលំបាកក្នុងការសង្រ្គោះអាយុជីវិត ទោះបីបានព្យាបាលដោយការវះកាត់ក៏ដោយ។
– អនុសាសន៍: សូមបរិភោគផ្លែឈើដែលមានគ្រាប់ធំៗ ដោយប្រុងប្រយ័ត្ន និង មិនគួរបរិភោគទាំងគ្រាប់ឡើយ។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត#calmettehospital ៕
ដោយ ៖ សិលា