ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន​ នៅព្រឹក​ថ្ងៃ​ទី​២៥​ វិច្ឆិកា​នេះ!

ចែករំលែក៖

ខេត្ត​សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ​បានអញ្ជើញជាអធិបតីភាព​ដ៏ខ្អង់ខ្ពស់បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន ដោយមានការអញ្ជើញ​ចូល​រួមដោយគណៈប្រតិភូសរុបប្រមាណ ៧០០នាក់មកពីប្រទេស និងអង្គការដៃគូ​ពាក់​ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០។

បេីតាមលោក លី ធុជ​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរ​មីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានឱ្យដឹងថា​ ការអញ្ជើញជា​អធិប​តី​របស់សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកកិច្ចប្រជុំកំពូល​សៀម​រាប-អង្គរ ស្តីពីពិភពលោកគ្មានមីន ជាការបង្ហាញឱ្យឃើញនូវការគិតគូរ និង​យកចិត្តទុកដាក់របស់ចំពោះសុខមាលភាពរបស់មនុស្សជាតិលើពិភពលោក ដែល​រងគ្រោះដោយសារគ្រាប់មីន។

អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញាអង្គការសហប្រជាជាតិ (UN) ស្តីពីការហាមឃាត់ ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរ គ្រាប់មីនប្រឆាំងមនុស្ស​លោក​។ អនុសញ្ញាអូតាវ៉ា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩។ អនុសញ្ញាអូតាវ៉ា មាន​រដ្ឋ​ភាគីចំនួន១៦៤ប្រទេស មានអង្គការសង្គមស៊ីវិលជាច្រើន ជាសមាជិក និង​ជា​ដៃ​គូ​។ អនុសញ្ញាអូតាវ៉ាមានគោលដៅបញ្ចប់នូវទុក្ខសោកវេទនា​របស់ប្រជាពល​រដ្ឋ​ពិភពលោក ដែលបង្កើតឡើងដោយសំណល់ជាតិផ្ទុះពីសង្គ្រាម។

មកដល់ពេលនេះអនុសញ្ញាអូតាវ៉ា មានអាយុកាល២៥ឆ្នាំហើយ។ អនុសញ្ញានេះ បានចូលរួមសង្គ្រោះជីវិតមនុស្សនៅលើពិភពលោកបានយ៉ាងច្រើនលាននាក់ ហើយ​បើគិតពីសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមវិញ បន្ទាប់ពីអនុសញ្ញាអនុវត្ត​២៥ឆ្នាំ​នេះ ចំនួនមីន និងគ្រាប់សំណល់មិនទាន់ផ្ទុះផ្សេងៗទៀត ជាង ៥០លានគ្រាប់​ត្រូវ​បាន​រកឃើញ និងកម្ទេចចោល។ ដីដែលរងផលប៉ះពាល់ដោយសំណល់ជាតិ​ផ្ទុះពី​សង្គ្រាមរាប់ពាន់គីឡូម៉ែត្រក្រឡា ត្រូវបានបោសសំអាត និងផ្តល់ជូនប្រជាពល​រដ្ឋ​ប្រើ​ប្រាស់។

អនុសញ្ញាអូតាវ៉ា បាននាំមកនូវការជួយគាំទ្រដល់ជនរងគ្រោះដោយ​សារសំណល់​ជាតិ​ផ្ទុះបន្សល់ពីសង្គ្រាមលើពិភពលោក ដែលគេដឹងថា ក្នុងមួយឆ្នាំមានជាង ៥​ពាន់​នាក់។ អនុសញ្ញាអូតាវ៉ា បានបង្កើតនូវចលនា និងការប្តូរផ្តាច់រួមគ្នាជាសកល​ដើម្បីបោសសំអាតគ្រាប់រំសេវនៅលើពិភពលោក។ អនុសញ្ញាអូតាវ៉ា ជាអនុសញ្ញា​មនុស្សធម៌ ដែលបានចូលរួមសង្គ្រោះជីវិតប្រជាពលរដ្ឋក្នុងពិភពលោក ចូលរួម​សង្គ្រោះសហគមន៍មូលដ្ឋាន ដែលប៉ះពាល់ដោយសំណល់ជាតិផ្ទុះពីសង្គ្រាម និងជួយសង្គ្រោះជនរងគ្រោះដោយសារមីនក្នុងពិភពលោកពោរពេញដោយជោគជ័យ និងមោទនភាព ក្នុងរយៈពេល២៥ឆ្នាំមកនេះ។

កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០០០ ហើយបាននិង​កំពុង​បំពេញកាតព្វកិច្ចជារដ្ឋភាគីគំរូ និងឈានមុខគេក្នុងការលុបបំបាត់គ្រាប់មីន​ប្រឆាំង​មនុស្ស ហើយត្រូវបានសហគមន៍អន្តរជាតិចាត់ទុកសមិទ្ធផលក្នុង​ការងារបោស​សម្អាត​មីនរបស់កម្ពុជា គឺជាសមិទ្ធផលមួយផ្នែកធំរបស់ពិភពលោក។

កម្ពុជា បានក្លាយទៅជាប្រទេស​ដំបូងគេនៅ​អាស៊ី​ប៉ាស៊ីហ្វិក ទទួលបានការទុកចិត្ត​ឱ្យធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល​ក្រោយពេល​អនុសញ្ញាអូតាវ៉ា ដែលជាកិច្ចប្រជុំកំពូលលើកទី៥។ កិច្ចប្រជុំកំពូលនេះ ជាកិត្តិយសដ៏ឧត្តុង្គ​ឧត្តម​សម្រាប់កម្ពុជា ហើយក៏បានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងនាម​ប្រទេស​ធ្លាប់រងគ្រោះដោយសង្គ្រាម និងដោយគ្រាប់មីន ក្នុងការចូលរួមលុប​បំបាត់​មីន​លើសកលលោក។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា «កម្ពុជាបានឆ្លងកាត់ប្រវត្តិ​សាស្ត្រដ៏​ជូរចត់ពីភ្លើងសង្គ្រាម មកសុខសន្តិភាព ពីការលំបាកគ្រប់បែបយ៉ាង មកជា​ប្រទេស​មួយ​មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍ ពីប្រទេសដីមីន ទៅជាដីមាសនៅ​ទូ​ទាំង​ប្រទេស។ បទពិសោធន៍សមិទ្ធផលជាប្រវត្តិសាស្ត្រទទួលបាន​ពីនយោបាយ​ឈ្នះ-ឈ្នះពីមគ្គទេសក៍ដ៏ឆ្នើមរបស់យើង សម្តេចតេជោ លោកបាននាំមកជូន​ជាតិ​។ ទាំងអស់នេះ បានធ្វើឱ្យកម្ពុជាស័ក្តិសមជាប្រទេសដែលទទួលធ្វើជាប្រធាន​អនុ​សញ្ញាអូតាវ៉ា និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្តីពីពិភពលោកគ្មានមីន»។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានឱ្យដឹងផងដែរថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ នឹងពិនិត្យឡើងវិញនៃការងាររបស់អនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សលោក។ រាល់៥ឆ្នាំម្តងអនុសញ្ញាអូតាវ៉ា មានកិច្ចប្រជុំបែបនេះ ដើម្បីវាយ​តម្លៃការងារ៥ឆ្នាំកន្លងមក ហើយរៀបចំផែនការសកម្មភាព៥ឆ្នាំទៅមុខទៀត។

លោក លី ធុជ បានឱ្យដឹងទៀតថា គោលដៅនៃកិច្ចប្រជុំកំពូលនៅខេត្តសៀមរាប មានចំនួន៣រួមមាន៖ ទី១) ពិនិត្យឡើងវិញនូវសកម្មភាព និងស្ថានភាពនៃការ​អនុវត្តន៍​អនុសញ្ញាអូតាវ៉ារយៈពេល៥ឆ្នាំកន្លងមក, ២) ដើម្បីធ្វើសេចក្តីសម្រេចចិត្ត​មួយចំនួនទាក់ទងទៅនឹងរដ្ឋភាគីទាំងឡាយ ដែលបាននិងកំពុងអនុវត្តន៍​កាតព្វកិច្ច​នៃអនុសញ្ញាអូតាវ៉ា, ទី៣) ដើម្បីអនុវត្តន៍នូវឯកសាសំខាន់ៗ ដែលនឹងយកទៅប្រើ​ប្រាស់​យូរ​អង្វែងដល់រដ្ឋភាគីទាំងអស់នៃអនុសញ្ញាអូតាវ៉ា៕

ដោយ​៖ តារា​


ចែករំលែក៖