ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យភាគីម្ខាង ស្លាប់និងរងរបួស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យចំណែកឯបុរសម្នាក់ទៀតបានរងរបួសធ្ងន់ខណៈពេលជិះម៉ូតតាមផ្លូវត្រូវរថយន្តម៉ាកTOYOTA TACOMA ពាក់ផ្លាកលេខខេមរភូមិន្ទ បើកដោយបុរសម្នាក់ទាំងស្ថានភាពស្រវឹងលឿនបុករះពីក្រោយម៉ូតូពេញទំហឹង រួចមានជនឆក់ឱកាសលើកយកម៉ូតូជនរងគ្រោះម៉ាកscoopy មួយគ្រឿងជិះទៅបាត់ ចំណែករថយន្តបង្កនិងអ្នកបើកបរសមត្ថកិច្ចតាមឃាត់បានកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ចំណុចលើផ្លូវ៩២កែងផ្លូវ ភ្នំពេញហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ រស់ កុសល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នករត់តុការ សព្វថ្ងៃស្នាក់នៅស្រុកស្អាងខេត្តកណ្ដាល នឹងជនរងគ្រោះម្នាក់ទៀតដោយមិនស្គាល់ឈ្មោះជិះម៉ូតូម៉ាកហុងដាស្គូពីពណ៌សមិនចាំស្លាកលេខ (ត្រូវជនសង្ស័យលួចទៅបាត់)។
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ២នាក់ជិះម៉ូតូ ២គ្រឿងផ្សេងគ្នា មួយគ្រឿងម៉ាកហុងដាស្គូពីពណ៌សមិនចាំស្លាកលេខ និងមួយគ្រឿងទៀតម៉ាក ហុងដា ប៊ីតពណ៌សពាក់ផ្លាកលេខ កណ្តាល 1AS-0435 ជិះស្របគ្នាតាមបណ្តោយផ្លូវលេខ៩២ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម ខណៈពេលជិះមកដល់ចំណុចកើតហេតុកែងនិងផ្លូវភ្នំពេញហាណូយ ស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿង ម៉ាក តាកូម៉ា ពណ៌សពាក់ផ្លាកលេខ ខេមរភូមិន្ទ 02 2- 0035 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ៩២មកពីក្រោយស្របទិសគ្នាពីកើតមកលិចក្នុងល្បឿនយ៉ាងលឿនទាំងស្ថានភាពស្រវឹងជោកមកបុករះពីក្រោយម៉ូតូទាំង២គ្រឿងពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ ភ្លាមនោះដែរពលរដ្ឋជិតខាងក៏បាននាំគ្នាទាក់ទងទៅរថយន្តសាមុយមកដឹកជនរងគ្រោះទាំងពីរនាក់ទៅសង្រ្គោះភ្លាមៗតែអកុសល ដោយបុរសរងគ្រោះសភាពធ្ងន់ធ្ងរពេកក៏បានស្លាប់ពេលបញ្ជួនដល់មន្ទីរពេទ្យតែម្តងទៅ ចំណែកបុរសម្នាក់ទៀតតកំពុងតែសង្រ្គោះបន្ទាន់។ រីឯរថយន្តបង្កវិញមិនព្រមឈប់ដោះស្រាយព្យាយាមបើករត់រហូតដល់ផ្លូវបេតុង ឱកាសខ្ញុំត្រូវសមត្ថកិច្ចតាមឃាត់បានទាំងរថយន្តនិងអ្នកបើករថយន្តយកទៅប៉ុស្ថិ៍នគរបាលសង្កាត់ភ្នំពេញថ្មីសួរនាំបន្តនិងទុកប្រគល់ឲ្យសមត្ថកិច្ចជំនាញ។
បច្ចុប្បន្ន ជនសង្ស័យត្រូវ តំណាងអយ្យការកំពុងដំណើរការនៃសាកសួរនៅឡើយ៕
ដោយ៖ រ៉ារ៉ា