ខេត្តបន្ទាយមានជ័យ៖ ឆ្លងចរន្តអគ្គិសនី ឆេះបង្គោលភ្លើងកាត់យប់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ត្រង់ចំណុច ផ្លូវចូលសាលាអូរជ្រៅ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
នៅក្នុងហេតុការណ៍ខាងលើគេឃើញមានពលរដ្ឋសហការគ្នាបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ដើម្បីទប់ស្កាត់មិនឲ្យរីករាលដាលដល់លំនៅឋានពលរដ្ឋនៅក្បែរទីតាំងខាងលើ ហើយបានរលត់ទៅវិញភ្លាមៗផងដែរមិនបង្កគ្រោះថ្នាក់ដល់ពលរដ្ឋណាម្នាក់ឡើយ។
ពលរដ្ឋបានលើកឡើងថាៈកត្តាឆេះបង្គោលភ្លើងមានច្រើនករណីហើយនៅក្នុងក្រុងប៉ោយប៉ែត ជួនពេលខ្លះកម្លាំងសមត្ថកិច្ចរួមទាំងអាជ្ញាធរបានសហការគ្នាចូលរួមពន្លត់ដោយបានជោគជ័យប៉ុន្តែកន្លែងខ្លះទៀតករណីឆាបឆេះបង្គោលភ្លើងក៏អាចរីករាលដាលរហូតឆេះផ្ទះពលរដ្ឋផងដែរ ដោយសារតែអគ្គិភ័យឆាបឆេះមានល្បឿនលឿន បើទោះមានការចូលរួមរបស់រថយន្តពន្លត់អគ្គិភ័យមានការរហ័សរហួនក៏ដោយ។
ពលរដ្ឋបញ្ជាក់ថាៈកត្តាដែលបង្កឲ្យមានអគ្គិភ័យឆាបឆេះបង្គោលភ្លើងនោះជារួមមាន៖ សំបុកសត្វនៅលើបង្គោលភ្លើងឬបង្គោលភ្លើងនីមួយៗសំបូរដោយខ្សែកាបអុបទិចច្រើននៅផ្ដុំបូកផ្សំកត្តាអាកាសធាតុក្ដៅប៉ះទង្គិចគ្នាបង្កជាអណ្ដាតភ្លើងបណ្ដាលឲ្យឆាបឆេះបង្គោលភ្លើងតែម្ដង។
ក្នុងនោះដែរពលរដ្ឋក៏សំណូមពរដល់ក្រុមហ៊ុនអគ្គិសនីឬអាជ្ញាធរពាក់ព័ន្ធមេត្តាជួយសំរួលដល់បង្គោលភ្លើងដែលមានខ្សែអុបទិចច្រើនដែលនៅលើបង្គោលភ្លើង ដើម្បីចៀសវៀងនិងកាត់បន្ថយការឆាបឆេះតាមបង្គោលភ្លើងធ្វើឲ្យប៉ះពាល់ដល់ការស់នៅឬ ប៉ះពាល់ដល់ផ្ទះពលរដ្ឋផងដែរ ៕
ដោយ ៖ វណ្ណា