ព័ត៌មានទាន់ហេតុការណ៍៖

អនុស្សរណៈនៃការយោគយល់ ស្តីពីការផ្តល់សេវាកម្មរបស់មជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូម៉េឌីក រវាងក្រសួង បរិស្ថាននិងមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក

ចែករំលែក៖

ភ្នំពេញ៖លោកជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញចុះអនុស្សរណៈនៃការយោគយល់ ស្តីពីការ (ផ្តល់សេវាកម្មរបស់មជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូម៉េឌីក)រវាងក្រសួង បរិស្ថាននិងមជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូម៉េនឌីក ដើម្បី លើកកម្ពស់ការពិនិត្យសុខភាពគ្រប់ មុខតាមរយៈការផ្តល់សេវាកម្មផ្នែករូបភាពវេជ្ជសាស្ត្រ និងមន្ទីរពិសោធន៍វិភាគវេជ្ជសាស្ត្រ ដែលធ្វើរោគវិនិច្ឆ័យ ប្រកបដោយស្តង់ដា គុណភាពខ្ពស់ ប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីរួមចំណែកកាត់បន្ថយដល់ការចំណាយថ្លៃសេវាពិនិត្យសុខភាពដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាក្រសួង បរិស្ថាន និងសមាជិកក្រុមគ្រួសារ។

លោក ប៊ុត សុខល់ នាយកមជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូម៉េឌីក បានមានប្រសាសន៍ថា នេះជារឿងចាំបាច់ណាស់ ដែលប្រជាជនយើងគ្រប់រូប  ត្រូវតាមដានត្រួតពិនិត្យអោយបានជាប់ជាប្រចាំសុខមាលភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាពិសេសដើម្បីមានវិធានការការពារ និង ព្យាបាលអោយទាន់ពេលវេលា ចំពោះជំងឺធ្ងន់ធ្ងរ និង កាចសាហាវនានា ។

មានប្រសាសន៍ក្នុងពិធីនេះលោកជួប ប៉ារីស៍ រដ្ឋលេខា ធិការក្រសួងបរិស្ថាន បានលើកឡើងថាដើម្បីការអនុវត្តតួនាទីភារកិច្ចអោយកាន់តែប្រសើរឡើងក្នុងបុព្វហេតុកិច្ចគាំពារបរិស្ថាន សុខុមាលភាពរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងសមាជិកក្រុមគ្រួសាររបស់ពួកគាត់ គឺជាអាទិភាព ដូចនេះហើយទើបក្រសួងបរិស្ថានធ្វើការជំរុញ និងលើកទឹកចិត្តធ្វើការតាមដាន និងត្រួតពិនិត្យសុខភាពរបស់ខ្លួនជាប្រចាំ និងឱ្យបានខ្ជាប់ខ្ជួន។

គួរបញ្ជាក់ថា ដើម្បីរួមចំណែកលើកកម្ពស់សុខមាភាព និង ជីវភាពមន្រ្តីរាជការក្រសួងបរិស្ថាន មជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូម៉េឌីក បាន៖

-បញ្ចុះតម្លៃ ៣០ ភាគរយ លើរាល់ការធ្វើតេស្តផ្នែកមន្ទីរពិសោធន៍ (ពិនិត្យឈាម លាមក ទឹកនោម ។ល។)

– បញ្ចុះតម្លៃ ៣០ ភាគរយ លើរាល់ការវិភាគផ្នែករូបភាពវេជ្ជសាស្ត្រទូទៅ (CT ស្កេន ថត X-Ray ពិនិត្យ អេកូសាស្ត្រ ។ល។)

– បញ្ចុះតម្លៃ ៣០ ដុល្លារ ចំពោះការធ្វើស្កេន  គឺមានរយៈពេលប្រាំ (០៥) ឆ្នាំ ដោយគិតចាប់ពីកាលបរិច្ឆេទនៃការចុះហត្ថលេខា៕

ដោយ៖ សូរិយា


ចែករំលែក៖