ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីក្រសួងធនធានទឹកចូលនិវត្តន៍បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូជូនប្រពន្ធទៅផ្ទះ ត្រូវបានរថយន្តស៊េរីទំនើប Ford Raptor បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបុកនិងកិនជាប់ពីលើ រួចបន្តទៅបុកតូបលក់កាហ្វេនិងរទេះលក់សាច់កាប់រុញផ្ទប់នឹងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤ នៅត្រង់ចំណុចផ្លូវបំបែកជាបីក្បែរវត្តជុំ តាមបណ្តោយផ្លូវលេខ២០១១ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ នួន សុណ្ណារិទ្ធ ភេទប្រុស អាយុជាង៦០ឆ្នាំ ជាមន្ត្រីក្រសួងធនធានទឹកចូលនិវត្តន៍ ស្នាក់នៅម្ដុំសាលាសង្កាត់ក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានស្រុកកំណើតនៅខេត្តតាកែវ។
យោងតាមសម្ដីស្ត្រីជាប្រពន្ធជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ រូបគាត់បានខលប្រាប់ប្ដីឲ្យមកយករូបគាត់នៅកន្លែងលក់កាហ្វេមួយនៅតាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះដើម្បីជូនរូបគាត់ទៅផ្ទះដោយជិះម៉ូតូមួយគ្រឿងម្នាក់ លុះមកដល់ចំណុចកើតហេតុខាងលើរូបគាត់ជាប្រពន្ធឮសូរសំឡេងប្រាវ ខណៈនោះរូបគាត់ក៍បានបាត់ប្តី រួចបានឈប់ម៉ូតូរកមើលក៍ឃើញប្ដីត្រូវរថយន្តបុកស្លាប់បាត់ទៅហើយ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Ford Raptor ពណ៌ក្រហមមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2BL-6655បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណសង្ស័យស្រវឹងស្រាខ្លាំង ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០១១ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលចង្កូតទៅបុកម៉ូតូវីវ៉ាពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1Y-2966 ជិះដោយបុរសម្នាក់ជាជនរងគ្រោះធ្វើដំណើរពីជើងទៅត្បូង ចំពីចំហៀងម៉ូតូពេញទំហឹងហើយកិនពីលើជាប់ រួចរថយន្តបង្កបន្តទៅបុករទេះលក់សាច់កាប់និងតូបលក់កាហ្វេនិងផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័មនៅជាប់រថយន្តផ្នែកខាងមុខ។ ភ្លាមនោះអ្នកបើកបររថយន្តបង្កត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លូនគ្រាហ៍លើកដាក់លើម៉ូតូមើលស្ថានភាពទំនងស្រវឹងស្រាខ្លាំង រួចដឹកយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកាភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ