ខេត្តមណ្ឌលគិរី ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី កាលពីម្សិលមិញថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤ បានចុះបង្ក្រាបទីតាំងលួចធ្វើរ៉ែមាសជាច្រើនកន្លែង នៅតំបន់ព្រៃមាស ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលជាយុទ្ធនាការមួយ ប្រយោជន៍ការពារធនធានធម្មជាតិ ។ ប៉ុន្តែទោះបី មានការបើកប្រតិបត្តិការបង្ក្រាប លក្ខណៈទ្រង់ទ្រាយធំនេះក៏ដោយ ត្រូវបានគេរាយការណ៍មកថា នៅមានទីតាំងកន្លែងផ្សេងទៀត ជាលក្ខណៈទ្រង់ទ្រាយធំៗ មិនទាន់ត្រូវបានបង្ក្រាប ឬអាចបើកប្រតិបត្តិការបន្តទៀត ជាបន្តបន្ទាប់ ដើម្បីលុបបំបាត់ ! ព្រោះថាកន្លែងដែលសមត្ថកិច្ចទៅចុះបង្ក្រាប ភាគច្រើនជាកន្លែងរណ្ដៅចាស់ ហ្នឹងឈប់ធ្វើអាជីវកម្ម ឬក៏ការធ្វើជាលក្ខណៈទ្រង់ទ្រាយតូច។ សង្ឃឹមថា សមត្ថកិច្ចនិងបង្ក្រាបដូចភ្លៀងរលឹម ប្រយោជន៍ការពារធនធានធម្មជាតិដ៏មានតម្លៃរបស់ជាតិយើង ។
គេបានរាយការណ៍មកថា , កន្លែងដែលសមត្ថកិច្ចចុះបង្ក្រាបនោះ ជាទីតាំងរបស់ឈ្មោះ(វ៉ា) ដោយឡែកទីតាំងរបស់ឈ្មួញឈ្មោះ តែ គឹមសាន មិនទាន់ត្រូវបានបង្ក្រាបនៅឡើយទេ។ ក្នុងនោះគេបានបង្ហើមថា , ឈ្មួញឈ្មោះ តែ គឹមសាន បានរៀបចំកញ្ចប់ ដើម្បីសកម្មភាពលួចធ្វើរ៉ែមាស។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក តែ គឹមសាន ជាមួយអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមរយៈប្រព័ន្ធ Telegram នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកបានបញ្ជាក់យ៉ាងដូច្នេះថា , អ្នកសារព័ត៌មាន អាចធ្វើការស្រាវជ្រាវឲ្យបានច្បាស់សិន ! ប្រជាពលរដ្ឋរាប់រយ រាបពាន់គ្រួសារគាត់រស់នៅកន្លែងនឹង បើសេដ្ឋកិច្ចនោះដើរ គឺរស់បានច្រើន ដោយសារជួយឲ្យពលរដ្ឋខ្មែររាប់ពាន់រាប់រយគ្រួសារមានការងារធ្វើ ផ្ទុយទៅវិញបើគេបិទអស់ តើខាតពីណា គឺប្រជាពលរដ្ឋខ្មែរយើងទាំងអស់នោះហើយត្រូវខាត។ លោកបានលើកឡើងថា, ម្នាក់ៗចេះតែក្របួចមកចំខ្ញុំ ! ដូច្នេះគួរតែកុំជឿតាមគេ ដោយសារតែបុគ្គលខ្លះជាគំនុំ គាត់ស្អប់ខ្ញុំ ថែមទាំងបានយករូបភាពខ្ញុំដែលមានបញ្ហាតាំងពី ៥-៦ ឆ្នាំមុនមកចុះផ្សាយផងដែរ ។ ដូច្នេះខ្ញុំរង់ចាំចប់រឿងបន្តិចសិន ខ្ញុំនឹងរកមេធាវីធ្វើការរឿងនេះឡើងវិញ ព្រោះខ្ញុំខុសអីទើបយករូបខ្ញុំពីអតីតកាលមកចុះផ្សាយ .. ! ដូច្នេះពេលខ្ញុំឡើងទៅរាជធានីភ្នំពេញ ខ្ញុំត្រូវការរកមេធាវីដើម្បីប្រឹក្សាផ្លូវច្បាប់ ។
លោក តែ គឹមសាន បានបន្តទៀតថា, យើងត្រូវនាំគ្នាជួយសង្គម ព្រោះប្រជាពលរដ្ឋនៅទីនោះ មុខរបរធ្វើមាស ទទួលស្គាល់ថាមានតិចតួចអី គាត់ធ្វើហ្នឹងដើម្បីចិញ្ចឹមជីវភាពគ្រួសារទេ គ្មានឈ្មួញធំ ឈ្មួញតូចអីទេ ទាំងតូចទាំងធំ គឺមានប្រាស្រ័យទាក់ទងគ្នាទាំងអស់ ចូលរួមជួយគ្នាទាំងអស់ ប្រសិនជាមាន (ការលួចធ្វើរ៉ែមាស) វាដូចជាជួយប្រជាពលរដ្ឋខ្មែរយើងផងដែរនៅក្នុងខេត្តមណ្ឌលគិរីហ្នឹង។ លោកថា, កន្លងទៅប្រជាពលរដ្ឋគាត់តែងតែស្នើសុំទៅភូមិឃុំស្រុកថ្នាក់ខេត្ត តែងតែសំពះ សុំអង្វរ ដូច្នេះថ្នាក់ដឹកនាំគាត់ចេះតែធ្មេចភ្នែកអនុញ្ញាតឲ្យប្រជាពលរដ្ឋបានរស់ ដោយសារតែម្នាក់ៗបំណុលធនាគារពេញផ្ទះ ។
លោកបញ្ជាក់ថា , រូបភាពកំពុងធ្វើសកម្មភាពនោះ គឺជារូបភាពដែលត្រូវបានបង្ក្រាបប្រមាណជា៥ ទៅ៦ខែមុន ដូច្នេះអាចមានការយល់ច្រឡំ ដោយសារមានអ្នកខ្លះចង់បំភ្លើសមកលើរូបខ្ញុំ។
សូមបញ្ជាក់ថា , សកម្មភាពលួចធ្វើរ៉ែមាស នៅតំបន់ព្រៃមាស ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានទីតាំងច្រើនកន្លែង ឈ្មួញបានប្រើប្រាស់គ្រឿងចក្រ រថយន្ត រ៉ៃ ម៉ាស៊ីន ជាលក្ខណៈទ្រង់ទ្រាយក្នុងអាជីវកម្ម ក្រោមរូបភាពប្រជាពលរដ្ឋធ្វើជាលក្ខណៈគ្រួសារ។ ចំពោះការបង្ក្រាប អាចលំបាកបន្តិច ត្រង់ថាឈ្មួញធំៗគេរៀបចំកញ្ចប់ ដូច្នេះមុនបង្ក្រាប សមត្ថកិច្ច អាជ្ញាធរ ជំនាញមូលដ្ឋាន ហាក់ដូចជារាយការណ៍ប្រាប់មុនរួចទៅហើយ ដូច្នេះការចុះបង្ក្រាប មិនមែនជាកន្លែងដែលធ្វើធំៗទេ គឺជាកន្លែងដែលត្រូវបានឈប់ធ្វើអាជីវកម្ម ។ល។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមប្រព័ន្ធ Telegram ថា , ខ្ញុំកំពុងធ្វើការបន្តទៀតដើម្បី ចាត់ចែងមើលការងារហ្នឹងថែមទៀត ត្រូវតែបង្ក្រាប នេះគាត់ចុះបង្ក្រាបមួយជំហានសិន ហើយយើងផ្នែកអាជ្ញាធរក៏បានចុះសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថផងដែរ។ លោកស្នងការបន្តថា , សមត្ថកិច្ចបានបង្ក្រាបមួយជំហានៗសិន កន្លែងខ្លះគាត់អាចលាក់បាំងយើង យើងក៏មិនទាន់ទៅចំទីតាំងហ្នឹង ដូច្នេះយើងត្រូវតែចុះទៅមើលបន្តៗទៀត ។ លោកឧត្តមសេនីយ៍ទោស្នងការបានបញ្ជាក់ថា , ចំពោះបទល្មើសត្រូវតែបង្ក្រាប ដោយសារខ្ញុំបានរៀបចំកម្លាំងឲ្យចុះស៊ើបអង្កេតនិងស្រាវជ្រាវផងដែរ។
សូមជម្រាបជូនថា , សកម្មភាពលួចធ្វើរ៉ែមាសនៅខេត្តមណ្ឌលគិរី មានរយៈពេលយូរមកហើយ បើធ្វើជាលក្ខណៈគ្រួសារនោះមិនអីទេ ប៉ុន្តែឈ្មួញលួចធ្វើលក្ខណៈទ្រង់ទ្រាយធំ រហូតដល់ខាងក្រុមហ៊ុនចិនធ្វើអាជីវកម្មស្របច្បាប់ បង់ពន្ធជូនរដ្ឋ បានប្ដឹងអំពីសកម្មភាពលួចធ្វើបែបនេះ អាជ្ញាធរ និងមន្ទីររ៉ែនិងថាមពលខេត្ត បានចុះមកបង្ក្រាប ប៉ុន្តែបង្ក្រាបហើយមិនបានមួយថ្ងៃផង ពួកគេចាប់ផ្ដើមដំណើរការដដែល។ ចំណុចនេះមានន័យថា , ក្លាយទៅជាទម្លាប់មួយដែលការបង្ក្រាបហាក់គ្មានប្រសិទ្ធភាព ឬពាក់ព័ន្ធក្នុងផលប្រយោជន៍ណាមួយជាមួយក្រុមឈ្មួញរកស៊ីមិនស្របច្បាប់ ៕
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”