ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ក្រុមការងារនាយកដ្ឋានវិទ្យា សាស្ត្រនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត បានរៀបចំសិក្ខាសាលាបើកគម្រោង ស្តីពី «ការ បង្កើតភាពធន់របស់សហគមន៍កម្ពុជាដោយប្រើប្រាស់ហេដ្ឋារចនាសម្ពន្ធ័ធម្មជាតិ និងលើកកម្ពស់ការធ្វើពិពិធកម្មជីវភាព» ក្រោមអធិបតីភាពរបស់លោកមាស សុផល អនុរដ្ឋលេខាធិការ និងលោក ស៊ុំ ធី អគ្គនាយកស្តីទីនៃអគ្គនាយដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ លោក ជាវ វិជ្ជាក់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ លោក អ៊ុក ណាវ៉ាន់ អគ្គនាយករងនៃអគ្គនាយដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ និងជានាយកគម្រោង និងមានវត្តមានលោកស្រី Isabelle VANDERBECK តំណាងកម្មវិធីបរិស្ថានសហប្រជា ជាតិ (UNEP)។
សិក្ខាសាលាចាប់ផ្តើមគម្រោងនេះក៏មានការចូលរួមពីលោក អ៊ូ ច័ន្ទធារិទ្ធ ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងជាប្រធានគ្រប់គ្រងគម្រោង និងជា ពិសេសមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអាជ្ញាខេត្ត តំណាងអាជ្ញាស្រុកព្រៃនុប និងតំណាងសហគមន៍មូលដ្ឋាន ដែលមានអ្នកចូលរួមសរុបចំនួន៤៣នាក់។
គម្រោងនេះមានរយៈពេល១៩ខែ គឺអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៤ ដល់ខែកញ្ញា ឆ្នាំ២០២៥ ដោយយមានថវិកាសរុបចំនួន ៥២២.៩៤៧ដុល្លា ដោយមានការគាំទ្រមូលនិធិពី Global Environment Facility(GEF)។ គោលបំណងសំខាន់នៃអង្គសិក្ខាសាលាបើកគម្រោងនាថ្ងៃនេះមានដូចខាងក្រោម៖
– ណែនាំពីសាវតា គោលបំណង និងផែនការរបស់គម្រោង
– បទបង្ហាញពីសេចក្តីព្រាងនៃរបាយការណ៍បឋម (Inception Report) រួមមានវិធីសាស្រ្ត និងក្របខ័ណ្ឌ រួមទាំងវិសាលភាពរបស់របាយការណ៍បឋមជូនដល់ភាគីពាក់ព័ន្ធ
– ប្រមូលមតិយោបល់ពីអ្នកពាក់ព័ន្ធទាំងអស់ និងមតិយោបល់ស្ថាបនា
ជាមួយគ្នានេះផងដែរ តាមរយៈឯកសារគម្រោង មានគោលបំណងសំខាន់ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធធម្មជាតិ ដើម្បីបង្កើនភាពធន់ផ្នែកសង្គម-សេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋាន និងបង្កើនភាពធន់របស់ប្រព័ន្ធអេកូឡូស៊ី ដោយផ្តោតសំខាន់លើការស្តារនិងអភិរក្សព្រៃកោងកាង និងមានគោលដៅអនុវត្ត និងផែនការសកម្មភាពទាក់ទងការ បន្ស៊ាំ និងកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុរួមមាន៖
១- ការអភិរក្សនិងដាំស្តារព្រៃកោងកាង ដែលជាអង្គរក្សសមុទ្រ និងជំរកមច្ឆាសមុទ្រ ព្រមទាំងជាគម្របព្រៃឈើដែលជួយស្រូបកាបូន
២- ការគិតគូរពីប្រពន្ធ័ទំនប់ការពារការឡើងកំពស់នីវ៉ូទឹកសមុទ្រ និងការជ្រាបចូលទឹកប្រៃដែលអាចប៉ះពាល់ដល់ដំណាំកសិកម្មក្នុងតំបន់
៣- ការគិតគូរពីការបង្កើនជីវភាពរបស់ប្រជាសហគមន៍គោលដៅគម្រោង និងជម្រើសមុខរបរ
៤- ការណែនាំពីគោលគំនិត Blue Carbon Credit និង
៥- ការអប់រំផ្សព្វផ្សាយ និងលើកកំពស់ការចូលរួមរបស់ស្ត្រី ។ល។៕
ដោយ៖ សូរិយា