ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលអន្តរគណបក្ស ក្រោមប្រធានបទ «តួនាទីគណបក្សនយោបាយរុស្ស៊ី និងបណ្ដាប្រទេសអាស៊ាន ក្នុងការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីប្រកបដោយយុត្តិធម៌» តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលអន្តរគណបក្ស ក្រោមប្រធានបទ «តួនាទីគណបក្សនយោបាយរុស្ស៊ី និងបណ្ដាប្រទេសអាស៊ាន ក្នុងការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីប្រកបដោយយុត្តិធម៌» តាមប្រព័ន្ធវីដេអូ​ នៅឯភូមិគ្រឹះតាខ្មៅ នារសៀលថ្ងៃទី២៤​ ខែមករា​ ឆ្នាំ​២០២៤នេះ​។ 

សម្ដេចតេជោបានមានប្រសាសន៍នៅក្នុងការផ្សាយផ្ទាល់តាមប្រព័ន្ធវីដេអូថា ការរៀបចំកិច្ចពិភាក្សាតុមូលអន្តរគណបក្ស នាពេលនេះគឺមានសារ:សំខាន់យ៉ាងខ្លាំងណាស់ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយនានា ដែលបានកើតឡើងទាំងក្នុងតំបន់ និងពិភពលោក។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ជាថ្មីម្តងទៀតថា គណបក្សប្រជាជនកម្ពុជា មិនជ្រើសរើសប្រទេសណាមួយនោះទេ ពោលគឺគណបក្សប្រជាជនកម្ពុជា ចាត់ទុកប្រទេសទាំងអស់ជាមិត្តដូចគ្នា បើទោះបីជាបច្ចុប្បន្នតំបន់អាស៊ានបានក្លាយជាទីលានដ៏ក្តៅគគុកក្នុងការប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាចនៅលើពិភពលោកក៏ដោយនោះ។

សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់បណ្តាគណបក្សនយោបាយទាំងអស់ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ និងត្រូវប្រកាន់ខ្ជាប់នៃការរកដំណោះស្រាយ ដោយសន្តិវិភាព ខណៈសង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបាននោះទេ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀតថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តគាំទ្រកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងគណបក្សរុស្ស៊ីរូបរួមជាមួយបណ្តាគណបក្សប្រទេសនៅតំបន់អាស៊ាន។ 

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ ត្រូវបន្តប្ដេជ្ញាចិត្តក្នុងការពង្រឹងតួនាទីអង្គការសហប្រជាជាតិ ជាពិសេសគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីសណ្ដាប់ធ្នាប់ពិភពលោក៕

ដោយ​៖ ស​ តារា


ចែករំលែក៖