ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងថា៖ នាវាទេសចរណ៍ WesterDam ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ជិត២ពាន់នាក់ បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព កាលពីវេលាម៉ោង០៧ និហ៤០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានថ្លែងបន្តថា ភ្លាមៗលោកបានចាត់ឱ្យកម្លាំងកងរាជអាវុធហត្ថខេត្តនិងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចេញប្រតិបត្តិការល្បាតចល័ត និងឈរជើងតាមគោលដៅ ជួយសម្រួលចរាចរណ៍លើដងផ្លូវដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់សាធារណៈ ជូនភ្ញៀវទេសចរណ៍អន្តរជាតិក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។
គួរបញ្ជាក់ថា នាវានេះមានឈ្មោះ WesterDam មានបណ្តោយ២៨៥.២២ ម៉ែត្រ និងទទឹង ៣២.២៥ ម៉ែត្រ ជម្រៅទឹក ៨,០០ ម៉ែត្រ បានត្រលប់មកពីប្រទេសវៀតណាម ដោយមាននាវិកចំនួន ៧៧៦នាក់ ស្រីចំនួន១២៨នាក់ មាន ៣៧សញ្ជាតិ និងមានភ្ញៀវទេសចរចំនួន ១៨៧៤នាក់ ស្រីចំនួន៩៨៦នាក់ មាន ៤៣សញ្ជាតិ។
ដោយឡែកនាវាមួយនេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២១:០០នាទី បន្តទៅប្រទេសថៃ៕
ដោយ៖ តារា