ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបលោកLEUNG Chun-Ying អគ្គនាយកមូលនិធិ GX និងអនុប្រធានគណៈកម្មាធិការជាតិនៃប្រឹក្សានយោបាយប្រជាជនចិន និងគណៈប្រតិភូ

ចែករំលែក៖

ភ្នំពេញ៖ ជំនួបនេះបានធ្វើឡើងនៅព្រឹក ថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានស្វាគមន៍ និងថ្លែង អំណរគុណដល់មូលនិធិ GX ដែលកន្លងមកបានសហការរួមចំណែកគាំទ្រលើកកំពស់សេវាសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យមកជួយវះកាត់ជំងឺ ភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋកម្ពុជាបានចំនួន ៦២០៨ ករណី ក្នុងខេត្តកំពង់ចាម តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០១៩ និងជួយវះកាត់អ្នកជំងឺ សរុបចំនួន ៣០៤៥ នាក់ ក្នុងខេត្តព្រៃវែង ចាប់តាំងពីឆ្នាំ២០២២ មកទល់បច្ចុប្បន្ន ក្រោមគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ ។  

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការល្អ លើការពិនិត្យមើលលទ្ធភាពជួយពង្រឹងសេវាសុខភាពភ្នែកនៅតាមបណ្តាលខេត្ត និងមជ្ឈមណ្ឌលថែទាំភ្នែក នៅតាមមន្ទីរពេទ្យស្រុក និងនៅកម្រិតសហគមន៍ តាមរយៈការបំពាក់ឧបករណ៍ បរិក្ខារ និងបច្ចេកវិទ្យាសម្រាប់ពិនិត្យ ព្យាបាល និងវះកាត់ភ្នែកជូនប្រជាជនកម្ពុជា និងការផ្តល់ជំនួយបណ្តុះបណ្តាលជំនាញឯកទេសក្នុងការងារជំងឺគ្រុនឈាម ដើមី្បឈានទៅដល់ការពង្រីកផែនការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុន ឈាមនៅក្នុងពេលឆាប់ៗខាងមុខនេះបន្ថែមទៀត។

លោក LEUNG Chun-Ying បញ្ជាក់ជំហរមុតមាំរបស់មូលនិធិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងពង្រីក “គម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើង បាយ “ទៅខេត្តផ្សេងទៀតតាមការស្នើសុំរបស់ ក្រសួង សុខាភិបាល ចូលរួមឈានទៅសម្រេចគោលដៅលុប បំបាត់ភាពពិការភ្នែកដែលអាចបង្ការបាននាឆ្នាំ ២០៣០ នៅកម្ពុជា។ ចំពោះការស្នើគម្រោងជំងឺគ្រុនឈាមគឺ GX Foundation មានឆន្ទៈត្រៀមគាំទ្រដោយសន្យាថានឹងបញ្ជូនក្រុមការងារ GXFoundation សហការជាមួយក្រុមការងារក្រសួងសុខាភិបាលឱ្យចុះពិនិត្យទីតាំងនៅតាមខេត្ត និងមន្ទីរពេទ្យ ដើមី្បរៀបចំគម្រោងក្នុងការជួយបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមនេះផងដែរ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីសំដែងនូវការកោតសសើរ GX Foundation ដែលមានការប្តេជ្ញាចិត្តក្នុងការពង្រឹកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខា ភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅ សម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណនៃរាជ រដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា៕

ដោយ៖ សូរិយា


ចែករំលែក៖