ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូបុករុឺម៉កគោយន្តកន្ត្រៃពីក្រោយពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងម៉ោង៨យប់ ថ្ងៃទី២៩ខែមករាឆ្នាំ២០២៤លើផ្លូវជាតិលេខ៥១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩-១០ ស្ថិតក្នុងភូមិប្រកិល សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM 125CC ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CQ-2690 អ្នកបើកបរឈ្មោះ មួន មករា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រកិល សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងជើងទៅទិសខាងត្បូង លុះពេលមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកពីក្រោយគោយន្ដមួយគ្រឿង ម៉ាកCAMMEO 125DI ពណ៌ក្រហម សណ្ដោងរុឺម៉កពេញទំហឹងបណ្ដាលឱ្យយុវជនអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយកើតហេតុអ្នកបើកបរគោយន្តមិនស្គាល់អត្តសញ្ញាណ(ចុះរត់គេចខ្លួន)។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើការវាស់វែងព្រមទាំងប្រគល់សពយុវជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
អ្នកបើកបរគោយន្ត សមត្ថកិច្ចកំពុងស្រាវជ្រាវ ។ ចំពោះវត្ថុតាងទាំង ០២គ្រឿងខាងលើ ជំនាញបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា