ភ្នំពេញ៖ នាយរដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានព្រមានដកមន្ត្រីណាដែលធូររលុង គ្មានសមត្ថភាពទប់ស្កាត់ការទន្ទ្រានតំបន់៣ ក្នុងបឹងទន្លេសាបចេញពីតំណែង។
ការព្រមាននេះបន្ទាប់ពីសម្ដេចបានជំរុញដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងខេត្តទាំង ៦ជាប់បឹងទន្លេសាប ធ្វើយ៉ាងណាទប់ស្កាត់ការទន្ទ្រានតំបន់៣ក្នុងបឹងទន្លេសាបឲ្យខានតែបាន។
សម្ដេចបានរំឮកពីអភិក្រមសម្ដេចតេជោទាំង៥ និងថាកុំបង្ខំឲ្យសម្ដេចប្រើអភិក្រមចុងក្រោយ។
សម្ដេចធិបតី៖ «ខ្ញុំអត់សូវចេះមាត់ទេតែខ្ញុំចេះស៉ីញ៉េ»។
សម្ដេចធិបតីលើកឡើងបែបនេះក្នុងពិធីបិទសន្និបាតក្រសួងកសិកម្ម នៅល្ងាចថ្ងៃអង្គារ៍ ទី៣០ ខែមករា ឆ្នាំ២០២៤នេះ នៅក្រសួងកសិកម្ម។
ប្រមុខរាជរដ្ឋាភិបាលព្រមានប្រើវិធានការធ្ងន់ៗ ចំពោះអ្នកដែលចង់រំលោភយកដីផ្ទៃបឹងដែលត្រូវការពារសម្រាប់ប្រយោជន៍ជាតិទាំងមូល ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ សម្តេចមិនចង់ប្រើអំណាចចុងប៊ិកនោះទេ ប៉ុន្តែបើសិនជាបង្ខំ សម្តេចត្រូវប្រើហើយ ដោយអនុវត្តតាមអភិក្រមទាំង៥ ចំពោះអ្នកណាដែលចង់រំលោភដីបឹងទន្លេសាប។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់អ្នកដែលមានដីច្រើនហើយនៅកន្លែងផ្សេងៗ សុំកុំមករកដីនៅតំបន់៣នៃបឹងទន្លេសាបទៀតអី ដោយយើងត្រូវការពារតំបន់នេះសម្រាប់ផលប្រយោជន៍កូនចៅយើងជំនាន់នេះនិងជំនាន់ក្រោយៗទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់អ្នកដែលរស់នៅតំបន់២ និងតំបន់១នៃបឹងទន្លេសាប សុំប្រើប្រាស់ដីដោយការទទួលខុសត្រូវ ព្រោះរាជរដ្ឋាភិបាល តែងតែគិតគូរពីសុខដុមនីយកម្មរវាងមនុស្ស និងបរិស្ថាន៕
ដោយ ៖ សិលា