ព័ត៌មានទាន់ហេតុការណ៍៖

អ្នកឧកញ៉ា គិត ម៉េង ៖ ឥទ្បូវនេះ យើងនាំគ្នាពិភាក្សាពីពិភពជំនួញ ដែលធ្វើឲ្យយើងមានបញ្ហាស្ត្រេស

ចែករំលែក៖

ភ្នំពេញ ៖ ឥទ្បូវនេះ យើងនាំគ្នាពិភាក្សាពីពិភពជំនួញ ដែលធ្វើឲ្យយើងមានបញ្ហា ស្ត្រេស។ ស្ត្រេសប្រៀបដូចជាភ្ញៀវពិសេស ឬសំខាន់នៅក្នុងពិធីជប់លៀងដែលយើងម្នាក់ៗត្រូវយកចិត្តទុកដាក់ទទួល។ ទាំងថ្នាក់ដឹកនាំក្រុមហ៊ុន រហូតដល់បុគ្គលិកទូទៅត្រូវខិតខំបំពេញការងារ។ យើងទាំងអស់គ្នាត្រូវដោះស្រាយបញ្ហាស្ត្រេសនេះ ប៉ុន្តែ តើយើងដែលជាម្ចាស់អាជីវកម្ម និងបុគ្គលិក ត្រូវដោះស្រាយសម្ពាធនេះដោយរបៀបណា? នេះជាលើកឡើង របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅព្រលប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ 

អ្នកឧកញ៉ា គិត ម៉េង ថ្លែងថា ៕ នៅពេលនេះ សូមគិតស្រមៃថាអ្នកជាម្ចាស់អាជីវកម្ម ដែលខិតខំបញ្ចេញកម្លាំងប្រកបដោយការតាំងចិត្ត ដើម្បីធ្វើឲ្យទាន់ពេលកំណត់ នូវសំណើដ៏សំខាន់មួយរបស់អតិថិជន។ កិច្ចព្រមព្រៀងនេះរវាងអ្នក និងអតិថិជនអាចជួយក្រុមហ៊ុន ឬធ្វើឲ្យក្រុមហ៊ុនរបស់អ្នកបិទ ហើយសម្ពាធការងារមិនមែនជារឿងកំប្លែងនោះទេ។ ដូច្នេះ តើអ្វីជាលក្ខណៈពិសេសដែលអាចដោះស្រាយបញ្ហានេះដោយជោគជ័យ? សូមព្យាយាមធ្វើចិត្តឲ្យស្ងប់ស្ងៀមប្រកបដោយសតិដឹង ដោយធ្វើសមាធិរយៈពេលខ្លី ឬផ្តោតលើលំហាត់ដង្ហើម។ ចំណុចនេះគឺដូចជាការបង្កើនសមត្ថភាពប្រើប្រាស់ខួរក្បាលក្នុងការដោះស្រាយបញ្ហា ការគ្រប់គ្រងគម្រោង និងសម្រេចបាននូវបរិមាណការងារស្របទៅតាមការរៀបចំ និងពេលវេលាដែលបានកំណត់។

ឥទ្បូវ និយាយបញ្ច្រាសមកវិញថាអ្នកគឺជាបុគ្គលិកដែលត្រូវដោះស្រាយជាមួយការងារដែលដាក់មកភ្លាមៗដ៏ច្រើន ដោយសារតែសហការីរបស់អ្នកឈប់មកបំពេញការងារ ដោយមិនបានរំពឹងទុក។ កាលបរិច្ឆេទដែលត្រូវកំណត់ឲ្យអ្នកបញ្ចប់ការងារ ធ្វើឲ្យអ្នកព្រួយបារម្ភ ហើយផលិតភាពការងារគឺឈ្មោះរបស់អ្នក។ តើដំណោះស្រាយអ្វីដែលអ្នកគួរគិតនោះ? ដោយសារបច្ចេកវិទ្យាមានការរីកចម្រើន សូមចាប់ផ្តើមឲ្យមានភ្លាមៗនូវសុសវែរ (software) ដែលជាកម្មវិធីជួយឲ្យក្រុមការងារដោះស្រាយបញ្ហាការងារតាមអ៊ីនធឺណិត និងធ្វើឲ្យពួកគាត់បំពេញការងារក្នុងកម្មវិធីតែមួយ។ សូមកុំភ្លេចឈប់សម្រាករយៈពេលខ្លីខ្លះៗ ដូចជា ការដើរ ឬពត់ខ្នង ដែលជាសកម្មភាពជួយយើងកុំឲ្យនឿយហត់។

សរុបសេចក្តីឲ្យខ្លីនូវអ្វីដែលបានលើកទ្បើងនេះ ម្ចាស់អាជីវកម្មមានដំណោះស្រាយក្នុងការគ្រប់គ្រងចិត្តឲ្យស្ងប់ស្ងៀមប្រកបដោយសតិដឹង និងការគ្រប់គ្រងគម្រោង ដោយសារបុគ្គលិកធ្វើការជាក្រុមតាមប្រព័ន្ធបច្ចេកវិទ្យា និងទៅតាមពេលវេលាមានតម្លៃរបស់ពួកគេ។ ទាំងអស់នេះគឺជាដំណោះស្រាយដែលជួយដល់អ្នកក្នុងការគ្រប់គ្រងភាពតានតឹង និងសម្ពាធក្នុងជីវិតអាជីវកម្មរបស់អ្នក៕

ដោយ ៖ សិលា


ចែករំលែក៖